អន្តរជាតិ៖ នៅពេលនេះ បារាំងបានបញ្ជាយន្តហោះដឹកជញ្ជូនយោធាពីរគ្រឿងដឹកគ្រូពេទ្យ៥៥នាក់និងបរិក្ខារ ពេទ្យទៅកាន់រដ្ឋធានីBeirut ជួយដល់ប្រទេសនេះ ពេលជួបទុក្ខធំដោយការផ្ទុះមានកម្លាំងខ្លាំងបំផុតបន្ទាប់ពីគ្រាប់បែកបរមាណូ។
នៅថ្ងៃទី៥ខែសីហានេះ វិមានប្រធានាធិបតីបារាំង បានប្រកាសថា បារាំងបានសម្រេចបញ្ជូនយន្តហោះយោធាពីរគ្រឿងនិងក្រុមគ្រូពេទ្យ៥៥នាក់ទៅជួយដល់ប្រទេសនេះដោះស្រាយហេតុការណ៍បន្ទាន់នៅចំពោះមុខ។ យន្តហោះបារាំងបានចាប់ផ្តើមហោះហើរទៅកាន់លីបង់នៅរសៀលថ្ងៃទី៥ខែសីហា ដោយមានបរិក្ខារពេទ្យសរុប ២២តោន។
ក្រោយការផ្ទុះប្រធានាធិបតីបារាំង លោកម៉ាក្រុង ក៏បានទូរស័ព្ទទៅកាន់ ប្រធានាធិបតីលីបង់ លោកMichel Aoun ចូលរួមរំលែកទុក្ខពីការផ្ទុះយ៉ាងខ្លាំងនោះ ។ ប្រធានាធិបតីបារាំងបានស្នើទៅជួយដល់លីបង់ជាបន្ទាន់ ដោយទទួលបានការយល់ព្រមភ្លាមៗពីប្រធានាធិបតីលីបង់។
ក្រៅពីបារាំង រុស្ស៊ីក៏បានបញ្ជូនយន្តហោះយោធា៥គ្រឿងដឹកបរិក្ខារពេទ្យ និងក្រុមអ្នកជំនាញ ដើម្បីសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន ព្យាបាលអ្នករងរបួសភ្លាមៗ ដោយ សារតែមន្ទីរពេទ្យនានាពេញទៅដោយអ្នកជំងឺ។
មកទល់ពេលនេះ តាមព័ត៌មានពីអង្គការកាកបាទក្រហមលីបង់ បញ្ជាក់ថា មានអ្នកស្លាប់កើនឡើងជាង១០០នាក់ និងអ្នករងរបួសជាង៤ពាន់នាក់ ។ ចំណែកការផ្ទុះវិញ អាជ្ញាធរលីបង់បានបញ្ជាក់ថា សារធាតុអាម៉ូនីញ៉ូមនីត្រាត (ammonium nitrate) ទម្ងន់ ២,៧៥០តោន ត្រូវបានរក្សាទុកក្នុងឃ្លាំងនោះអស់រយៈពេល៦ឆ្នាំមកហើយ ដោយគ្មានការរក្សាសុវត្ថិភាពត្រឹមត្រូវ ទើបបានជាបណ្តាលឲ្យវាផ្ទុះយ៉ាងកក្រើកបែបនេះ៕ដោយ៖ធី រីណា