ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួស​ដោយការផ្ទុះ​នៅលីបង់នៅតែបន្តកើនឡើងខ្ពស់

ចែករំលែក៖

អន្តរជាតិ៖ កម្លាំងជួយសង្គ្រោះលីបង់​បានរកឃើញសាកសពជនរងគ្រោះជាបន្តបន្ទាប់ក្រោមគំនរបាក់បែក។ មកទល់ពេលនេះមាន អ្នកស្លាប់កើនឡើងដល់ទៅ​១៣៥នាក់ហើយ​និងរបួសជាង​៥០០០នាក់​។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលីបង់ លោក ​Hamad Hassan បានបញ្ជាក់ថា មាន​ពលរដ្ឋជាង៥០០០នាក់ រងរបួស​នៅក្នុងហេតុការផ្ទុះនៅកំពង់ផែBeirut។ ជាមួយគ្នានេះមានពលរដ្ឋ ដល់ទៅ​២៥០ពាន់នាក់បាត់បង់ផ្ទះសម្បែង​។ លោក ​Hamad Hassan បានបញ្ជាក់ទៀតថា​ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងខ្ពស់ ដោយមានពលរដ្ឋរាប់សិបនាក់បាត់ខ្លួន អាចកប់ក្រោមគំនរអគារបាក់បែក។
គណៈរដ្ឋមន្ត្រីលីបង់​បានសម្រេច​ប្រកាសអាសន្នរយៈពេល​២សប្តាហ៍នៅរដ្ឋធានីBeirut ក្រោយសោកនាកម្មកើតឡើង។កម្លាំងទាហានត្រូវបានដាក់ពង្រាយនៅទីក្រុងនេះដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់​។
អភិបាលក្រុង Beirut លោក Marwan Abboud បាននិយាយទៅកាន់បណ្តាញព័ត៌មាន Al Hadath TV ថាការផ្ទុះ​នៅកំពង់ផែ បានបំផ្លាញ ទ្រព្យសម្បត្តិគិតជាទឹកប្រាក់យ៉ាងតិចពី​១០-១៥ពាន់លានដុល្លារ​អាមេរិក។
ចំណែកប្រធានគ្រប់គ្រងកំពង់ផែ Beirut លោក Hassan Koraytem បានបញ្ជាក់ថាឃ្លាំងរក្សាទុកសារធាតុamoni nitrat តាំងពី​៦ឆ្នាំមុន តាមបញ្ជាររបស់តុលាការ​ ប៉ុន្តែមន្រ្តីគ្រប់គ្រងកំពង់ផែបានស្នើជាច្រើនលើក​ឲ្យយកចេញពីទីនេះ ដោយការរក្សាទុកនៅកំពង់ផែប្រឈមគ្រោះថ្នាក់ខ្លាំង៕ដោយ៖ធី រីណា


ចែករំលែក៖