កីឡាអន្តរជាតិ៖ អ្នករៀបចំការប្រកួតបានបញ្ជាក់កាលពីថ្ងៃពុធថា ការប្រកួតពានរង្វាន់វាយតឺន្នីស Madrid Open ដែលគ្រោងនឹងត្រូវលេងនៅរដ្ឋធានីអេស្ប៉ាញចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែកញ្ញាត្រូវបានលុបចោល ដោយលើកទៅធ្វើនៅឆ្នាំ២០២១វិញ។ ការលុបចោលនេះដោយសារតែមានវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរីករាលដាលនៅប្រទេសអេស្ប៉ាញ និងលើពិភពលោក។
ការប្រកួតវាយតឺន្នីសដែលជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយក្នុងរដូវកាលនេះដើមឡើយត្រូវបានគេប្រារព្ធធ្វើនៅដើមខែឧសភា ប៉ុន្តែត្រូវបានកំណត់ពេលវេលាឡើងវិញដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ទោះយ៉ាងណាអ្នករៀបចំកម្មវិធីបានជូនដំណឹងថា បច្ចុប្បន្នកម្មវិធីនេះត្រូវបានបង្ខំឱ្យលុបចោលការប្រកួតដោយសារតែស្ថានភាពលំបាកដែលជំងឺកូវីដ-១៩នៅតែបន្តបង្កើតនៅគ្រប់កម្រិតទាំងអស់ ហើយមិនត្រូវបានអនុញ្ញាតឲ្យលេងរហូតដល់ឆ្នាំ២០២១។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ អ្នករៀបចំកម្មវិធីបានពន្យល់ពីការសម្រេចចិត្តថ្មីដែលធ្វើឡើងដោយរដ្ឋាភិបាលក្នុងទីក្រុងម៉ាឌ្រីដដើម្បី កំណត់ការប្រជុំ និងការជួបជុំសម្រាប់មនុស្សត្រឹម១០នាក់ ដែលការកំណត់នេះធ្វើឱ្យវាកាន់តែពិបាកក្នុងការរៀបចំការប្រកួតកីឡាវាយតឺន្នីស។
ប្រធានគ្រប់គ្រងការប្រកួតលោក Feliciano Lopez បានមានប្រសាសន៍ថា “អស្ថេរភាពនៅតែបន្តខ្ពស់ពេកដែលធ្វើឱ្យការប្រកួតនឹងមានការធានាពេញលេញ” ។
ចំណែកលោក Andrea Gaudenzi ប្រធាន ATP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងចែករំលែកការខកចិត្តដែលកម្មវិធីប្រកួតកីឡាវាតឺន្នីស Madrid Open នឹងមិនអាចកើតឡើងបានទេនៅឆ្នាំនេះ។ ដូច្នេះយើងនឹងត្រៀមរៀបចំការប្រកួតឡើងវិញនៅឆ្នាំ២០២១ ដោយឈរលើកត្តាសុវត្ថិភាព និងសុខភាពសាធារណៈ”៕ដោយ៖ធី រីណា