ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាសទី២

ចែករំលែក៖

ខេត្តស្ទឹងត្រែង: នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ក្នុងសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានរៀបចំកិច្ចប្រជុំ​ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ ឆមាសទី ១ និង លើកទិសដៅការងារ សម្រាប់ឆមាសទី២ ក្រោមអធិបតីភាព លោកដួង ពៅ អភិបាលរងខេត្ត និងលោកព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងលើកកម្ពស់អនាម័យជនបទក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារបច្ចេកទេស និងអង្គការដៃគូអភិវឌ្ឍន៍នានាក្នុងខេត្ត និងមន្ទីរអង្គភាពដែលពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំនោះ លោកព្រំ ចាន់ថា បានបញ្ចាក់ពីគោលបំណងនៃការរៀបចំកិច្ចប្រជុំគឺដើម្បីលើកកម្ពស់ការងារទឹកស្អាត និងអនាម័យ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗដែលបណ្ដាលមកពីកង្វះអនាម័យ។ ពិសេសត្រួតពិនិត្យលើសកម្មភាពក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ព្រមជាមួយគ្នានេះដែរក៏ពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត លើកកម្ពស់អនាម័យជនបទរយៈពេល៦ខែសម្រាប់ឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារ សម្រាប់ឆមាសទី២ និងកៀរគរការចូលរួមរបស់អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងការបង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។​ 

លោកបានបន្តថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបាន និងកំពុងអនុវត្តសកម្មភាពទាក់ទងនឹងវិស័យផ្គត់ផ្គង់ទឹកតាមទីជនបទនិងអនាម័យជួបពិភាក្សាគ្នាផ្លាស់ប្ដូរបទពិសោធន៍ និងបានបង្ហាញនូវវឌ្ឍនភាពនៃលទ្ធផលការងាររបស់ខ្លួនដែលបានអនុវត្តកន្លងមក ។

មានប្រសាសន៍ ក្នុងកិច្ចប្រជុំនោះដែរ លោកដួង ពៅ អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ដែលបានសហការគ្នារៀបចំកិច្ចប្រជុំនេះឡើងឆ្លុះបញ្ចាំងពីការអនុវត្តការងារផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យជនបទឲ្យស្របតាមផែនការប្រចាំឆ្នាំ និងសកម្មភាពថ្នាក់ខេត្ត ( PAP ) យ៉ាងល្អប្រសើរ នឹងមានសារៈសំខាន់សម្រាប់ខេត្តស្ទឹងត្រែង នាពេលនេះ ។

ក្នុងនោះដែរលោកដួង ពៅ បានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះគឺបានបង្ហាញអំពីវឌ្ឍនភាពការងារដែលក្រុមការងារទាំងអស់បានខិតខំប្រឹងប្រែង អនុវត្តក្នុងរយៈពេល ៦ខែកន្លងមកនេះ និងបានធ្វើកិច្ចសហការយ៉ាងល្អរវាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរដែនដី ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ដើម្បីចូលរួមសម្រេចឲ្យបាននូវយុទ្ធសាស្ត្រជាតិ ស្តីពីការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ។ កិច្ចប្រជុំនេះដែលជាសូចនាករមួយ ដ៏សំខាន់ក្នុងការវាស់វែងប្រសិទ្ធភាព និងភាពជោគជ័យនៃការអនុវត្តការងារដែលមានក្នុងផែនការសកម្មភាពជាតិ (២០១១_២០២៥ ) ធ្វើយ៉ាងណាឲ្យសម្រេចបាន ៩០% នៅឆ្នាំ ២០២៣ និង ១០០%នៅឆ្នាំ ២០២៥ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទនេះ ។

ជាចុងក្រោយលោកអភិបាលរងខេត្តបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស ផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូដែលបានខិតខំអនុវត្តការងារមួយនេះឲ្យទទួលបាននូវលទ្ធផលល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញឲ្យអនុវត្ត ស្របតាមពាក្យស្លោក រស់នៅស្អាត ហូបស្អាត និង ផឹកស្អាត ដើម្បីសុខភាព៕ ដោយ៖មាស សុផាត


ចែករំលែក៖