ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកេីតឡេីង ដែលបង្កដោយរថយន្តម៉ាកព្រូសមួយគ្រឿងបេីកបុកកង់បីខ្មែរដាច់ជាពីរនិងរងរបួសធ្ងន់ម្នាក់ រួចហេីយក៏ព្យាយាមបេីករត់ តែត្រូវរថយន្តស៊េរីទំនេីបម៉ាកLexusRX350 ឃេីញទេីសពេក ក៏ដេញតាមយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកប្រេងចំណុះ36000Lកំពុងឆ្លងផ្លូវចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលកំពុងធ្វេីដំណេីរកាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១១០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះ គឺមានបុរសម្នាក់បេីករុឺម៉កសណ្ដោង(កង់បីខ្មែរ)និងបានដឹកបុរសម្នាក់ទៀតជាជនជាតិបរទេស ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជេីង លុះមកដល់ស្តុបពេទ្យព្រះអង្គឌួង ក៏មានរថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BG-7924 មកបុករុឺម៉កសណ្ដោងពីក្រោយពេញទំហឹង បណ្ដាលឲ្យរុឺម៉កសណ្ដោងដាច់ចេញពីគ្នា និងធ្វេីឲ្យបុរសជនជាតិបរទេសម្នាក់រងរបួសធ្ងន់ផងដែរ ។ ភ្លាមនោះរថយន្តម៉ាកព្រូសមិនឈប់ទទួលខុសត្រូវនោះទេ ក៏ព្យាយាមបេីករត់ ធ្វេីឲ្យម្ចាស់រថយន្តស៊េរីទំនេីបម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-4321 ទេីសចិត្តពេកក៏បេីករថយន្តដេញតាមយ៉ាងលឿនរហូតមកដល់ផ្លូវព្រះមុនីវង្ស ទល់មុខប៉ុស្ដិ៍នគរបាលស្រះចកមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈ របស់ក្រុមហ៊ុន PTT ចំណុះ36000L កំពុងបត់ឆ្លងផ្លូវចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តLexusរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ឯរថយន្តដឹកប្រេងក៏បានខ្ទេចកាងក្រោមជាច្រេីនផងដែរ តែមិនបណ្ដាលឲ្យបែកសាទែនប្រេងផ្ទុះឆេះនោះឡេីយ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានធ្វេីឲ្យបុរសម្នាក់ជាជនជាតិបរទេសរងរបួសធ្ងន់កំពុងសម្រាកព្យាបាលមន្ទីពេទ្យកាល់ម៉ែត ។ ចំណែកវត្ថុតាងរួមមាន ៖ រុឺម៉កសណ្ដោង(កង់បីខ្មែរ) ,រថយន្តបង្កម៉ាកព្រូស ,រថយន្តស៊េរីទំនេីបម៉ាកLexus និងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនPTT ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះតាមច្បាប់នៅពេលក្រោយ ៕ ដោយ៖ ភារ៉ា ដង្កោ