ការធាត់ជ្រុលផ្សារភ្ជាប់នឹងការកើនឡើងនូវហានិភ័យនៃជំងឺជាច្រើន ប៉ុន្តែចង់ទប់ស្កាត់ភាពធាត់ជ្រុលមិនពិបាកទេ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែផ្លាស់ប្ដូរទម្លាប់ខ្លះក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកដោយអនុវត្តនូវ៥ចំណុចដូចខាងក្រោម
១. ធ្វើលំហាត់ប្រាណជាប្រចាំ
ការធ្វើលំហាត់ប្រាណ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូល ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងភាពធាត់ជ្រុល។ ដូច្នេះដើម្បីជាការប្រសើរអ្នកចាំបាច់គួរព្យាយាមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់យ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍ ឬរយៈពេល ៣០ នាទីយ៉ាងហោចណាស់ ៥ ដងក្នុងមួយសប្តាហ៍។
២. ចៀសវាងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់ និងភេសជ្ជៈសូដា
ជាតិស្ករខ្ពស់នឹងបង្កើនហានិភ័យនៃបញ្ហាធាត់ជ្រុល ឬលើសទម្ងន់។ ដូច្នេះដើម្បីជាការប្រសើរអ្នកចាំបាច់គួរចៀសវាងទទួលទានភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់។ នេះមិនមែនមានន័យថាអ្នកគួរជ្រើសរើសទទួលទានភេសជ្ជៈកំប៉ុងគ្មានជាតិស្ករជាប្រចាំជំនួសវិញនោះទេ! ក៏ព្រោះជាតិផ្អែមសិប្បនិម្មិតអាចបណ្ដាលឱ្យអ្នកធាត់បានដូចស្ករធម្មតាដែរ។
៣. ទទួលទានបន្លែឱ្យបានច្រើន
ការបង្កើនកម្រិតនៃការទទួលទានបន្លែ ក៏ដូចជាផ្លែឈើ គឺល្អណាស់ដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាធាត់ជ្រុល។ ការទទួលទានបន្លែផ្លែឈើក៏ជួយជម្រុញការស្រកទម្ងន់បានល្អដែលសម្រាប់អ្នកដែលកំពុងព្យាយាមសម្រកទម្ងន់ផងដែរ។ បន្លែផ្លែឈើថែមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូងនិងមហារីកគួរឱ្យកត់សម្គាល់។
៤. គេងឱ្យបានគ្រប់គ្រាន់
ផលប៉ះពាល់មួយផ្សេងទៀតនៃការគេងមិនគ្រប់ គឺជំងឺធាត់ជ្រុល។ កង្វះនៃការគេងអាចបង្កបញ្ហាអតុល្យភាពនៃអ័រម៉ូននិងចំណង់អាហារ។ នៅពេលគេងមិនបានគ្រប់គ្រាន់រាងកាយនឹងមិនអាចផលិតអ័រម៉ូន ghrelin (ទទួលខុសត្រូវរំញោចការឃ្លាន) និងអ័រម៉ូន leptin (ទប់ស្កាត់ចំណង់អាហារ) ត្រឹមត្រូវដើម្បីអាចអោយខួរក្បាលបានដឹងថាយើងឆ្អែតក្រោយទទួលទានរួចឡើយ។ ម្យ៉ាងវិញទៀតការគេងមិនគ្រប់អាចបណ្ដាលឱ្យរាងកាយស្ត្រេសហើយបញ្ចេញអ័រម៉ូន cortisol ដែលបង្កើនឱកាសនៃការកើនទម្ងន់មិនចាំបាច់ផងដែរ។
៥. ចៀសវាងសាច់កែច្នៃ
នេះក៏ព្រោះតែការទទួលទានសាច់កែច្នៃអាចបណ្ដាលឱ្យអ្នកកើនទម្ងន់ឆាប់រហ័សដោយមូលហេតុចម្បងពីរ។ ទី១នោះគឺអាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អ saturated fat។ ទី២នោះគឺសារធាតុគីមីក្នុងសាច់កែច្នៃអាចបង្កការរលាកក្នុងរាងកាយ៕ដោយ៖ស សម