ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកកៀនស្វាយ៖ ព្រមានចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលណាដែលញុះញង់ឲ្យពលរដ្ឋទៅចាប់យកដីជាកម្មសិទ្ធិ

ចែករំលែក៖

ខេត្តកណ្ដាល៖ អភិបាលស្រុកកៀនស្វាយ លោក អ៊ូ ឈៀង  បានព្រមានចាត់វិធានការតាមច្បាប់ និងឲ្យបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពយ៉ាងអាណាធិបតេយ្យរបស់មនុស្សមួយក្រុម បានអូសនាំពលរដ្ឋរាប់សិបនាក់ទៅចាប់យកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួន នៅឃុំបន្ទាយដែក ដែលអាចនាំឲ្យកើតចលាចលនៅតាមមូលដ្ឋាន។

ការលើកឡើងបែបនេះ អភិបាលស្រុកកៀនស្វាយ បានបញ្ជាក់កាលពីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ម្សិលមុិញថា មានមនុស្សមួយក្រុមបានបំផុសបំផុលឱ្យពលរដ្ឋទៅកាន់កាប់រំលោភយកដីកម្មសិទ្ធិអ្នកដទៃ នៅឃុំបន្ទាយដែក ហើយនោះជាទង្វើខុសច្បាប់ ដូច្នេះសូមឲ្យពួកគេបញ្ឈប់ជាបន្ទាន់ព្រោះនាំឲ្យកើតចលាចល

បន្ថែមពីនេះទៅទៀត លោកអភិបាលស្រុក បានសង្កត់ថា «ចំពោះករណីបំផុសបំផុលនេះ មានមេក្លោងប៉ុន្មាននាក់ ដើរញុះញង់ប្រជាជនឲ្យទៅយកដីគេទាំងកំរោល ដោយមិនគិតថា ជាដីកម្មសិទ្ធិនរណានោះឡើយ នេះហើយដែលរូបភាពមើលទៅអាណាធិបតេយ្យ»

គួរបញ្ជាក់ថា ជុំវិញបញ្ហាខាងលើនេះដែរ ពលរដ្ឋដែលមានដីមានប្លង់កម្មសិទ្ធិនៅម្តុំនោះ ក៏បានប្រាប់ថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះដីនេះទិញពីពលរដ្ឋម្ចាស់ដីដោយឲ្យលុយពេញថ្លៃ ហើយមានលិខិតស្នាមទទួលស្គាល់ពីអាជ្ញាធរ ពិសេសមានប្លង់កម្មសិទ្ធិត្រឹមត្រូវថែមទៀតផង។ ប៉ុន្តែប្រសិនបើជាពលរដ្ឋទាំងនោះ នៅតែបន្តសកម្មភាពបែបនេះទៀត គឺដូចជាប្លន់គេទាំងរស់អីចឹងដែរ

លោកអភិបាលស្រុកបន្តថា ដោយសារតែបញ្ហាបានកើតឡើងជាញឹកញ៉ាប់ទើបនាពេលកន្លងទៅថ្មីៗ លោកធ្លាប់បើកវេទិការសាធារណៈពន្យល់ពលរដ្ឋឲ្យយល់ពីនីតិវិធី និងភូមិសាស្ត្រដីតំបន់នេះ ពិសេសផ្ដោតសំខាន់ទៅលើកម្មសិទ្ធិ ផ្ទាល់ខ្លួនដែរ មានម្ចាស់ដីមានប្លង់កម្មសិទ្ធិត្រឹមត្រូវតាំងពីឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែបែរជាពលរដ្ឋចោទប្រកាន់លោកអភិបាលស្រុកឃុបឃិតគ្នា ត្រូវរ៉ូវគ្នាជាមួយឈ្មួញអ្នកមានលុយទៅវិញ ហើយបង្កើនសកម្មភាពរបស់ខ្លួនដោយមិនញញើតច្បាប់នោះឡើយ។

ចុងក្រោយលោកអភិបាលស្រុក បានបញ្ជាក់ថា បើសិនលោកទទួលបានពាក្យបណ្ដឹងពីម្ចាស់ដីលើករណីនេះ លោកនឹងដោះស្រាយតាមនីតិវិធីផងដែរដោយ៖ស តារា


ចែករំលែក៖