ភ្នំពេញ៖ ទន្ទឹមនឹងការជំរុញចិញ្ចឹមត្រី និងកង្កែបនេះ ក៏មានការព្រួយបារម្ភខ្លាចប្រជាពលរដ្ឋចិញ្ចឹមច្រើនហើយចាលរកកន្លែងលក់មិនបានជាដើម។ តបនឹងក្តីបារម្ភនេះ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ប្រជាពលរដ្ឋកុំឲ្យមានការព្រួយបារម្ភអំពីតម្លៃ និងទីផ្សារ ព្រោះក្រសួងបានគិតគូរអំពីបញ្ហានេះរួចរាល់ហើយ អ្វីដែលសំខាន់ប្រជាពលរដ្ឋខ្លួនឯង ត្រូវខិតខំចិញ្ចឹមត្រី ឬកង្កែបឲ្យទទួលបានទិន្នផលល្អ។
ក្នុងសន្និសីទព័ត៌មានស្តីពីទីផ្សាររបស់កសិផលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ លោក អេង ជាសាន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលប្រមូលផល តម្លៃនឹងមិនមានការធ្លាក់ចុះនោះទេ ក្រសួងបានចាត់ចែងទៅតាមបច្ចេកទេស ពោលនឹងរៀបចំបែងចែកពេលវេលាគ្នា»។ ជាឧទាហរណ៍សម្រាប់ខេត្តគោលដៅនីមួយៗ ក្រសួងនឹងរៀបចំឲ្យប្រជាពលរដ្ឋចិញ្ចឹមបណ្ដាក់ៗគ្នា ពោលមិនដាក់ឲ្យចិញ្ចឹមម្ដងទាំងអស់នោះទេ ដូច្នេះហើយនៅពេលប្រមូលផលនឹងធ្វើជាបន្ដបន្ទាប់គ្នា។ លោកបានទទួលស្គាល់ដែរថា ប្រសិនបើក្រសួងមិនរៀបចំបែងចែកពេលវេលាគ្នានោះទេ ច្បាស់ណាស់នៅពេលប្រមូលផលម្ដងទាំងអស់គ្នា តម្លៃនឹងធ្លាក់ចុះជាមិនខានឡើយ។
សូមរំលឹកថា៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ បានជំរុញ និងលើកទឹកចិត្តឱ្យប្រជាកសិករបង្កើនការចិញ្ចឹមត្រី ឬកង្កែប សម្រាប់ហូបចុក និងឈានទៅលក់ដូរ ដើម្បីរកចំណូលទ្រទ្រង់ជីវភាព។
ក្រោយទទួលបានការណែនាំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈរដ្ឋបាលជលផល ដែលជាសេនាធិការទទួលបន្ទុកការងារនេះ បាននិងកំពុងខិតខំផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋអំពីជំនាញ និងបច្ចេកទេសមួយចំនួន ពិសេសខេត្តគោលដៅមួយចំនួនដែលបានដាក់ចេញ នៅភូមិភាគឦសាន។
សូមបញ្ជាក់ថា៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល លោក អេង ជាសាន បានកត់សម្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យវារីវប្បកម្មនៅកម្ពុជាមានការកើនឡើង ប្រមាណ២០ភាគរយ។ ទិន្នផលនៅឆ្នាំ២០១៩កន្លងទៅនេះ ប្រមូល ៣៧,០០០តោន បានផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបាននាំចេញទៅប្រទេសជិតខាងមួយចំនួនផងដែរ។
លោក អេង ជាសាន ក៏បានអះអាងថា ទន្ទឹមនឹងការផុលផុសខ្លាំងនូវការចិញ្ចឹមត្រី និងកង្កែបនេះ រដ្ឋបាលជលផលក៏មានវិធានការ ដើម្បីទប់ស្កាត់ការនាំចូលពីប្រទេសជិតខាងផងដែរ។ ការទប់ស្កាត់ការនាំចូលពីប្រទេសជិតខាងជាផ្នែកមួយ ដើម្បីធ្វើយ៉ាងណាកុំឲ្យតម្លៃនៅក្នុងស្រុកមានការធ្លាក់ចុះនៅពេលប្រមូលផល ដែលអាចប៉ះពាល់ដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ៕ដោយ៖សហការី