ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​៥នាក់ត្រូវខ្មាន់កាំភ្លើងចាប់ធ្វើជាចំណាប់ខ្មាំងនៅទីក្រុង Le Havre ប្រទេសបារាំង

ចែករំលែក៖

អន្តរជាតិ៖ តាមសារព័ត៌មានTTXVN បានផ្សាយថា ខ្មាន់កំាភ្លើងម្នាក់ប្រដាប់ដោយកាំភ្លើង បានចាប់មនុស្ស​៥នាក់ធ្វើជាចំណាប់ខ្មាំងនៅល្ងាចថ្ងៃទី​៦ ខែសីហា ​ក្នុងធនាគារមួយកណ្តាលទីក្រុង​Le Havre ភាគខាងជើងប្រទេសបារាំង។
តាមប្រភពព័ត៌មានពីកម្លាំងប៉ូលិសបារាំង បានឲ្យដឹងថា​ ខ្មាន់កាំភ្លើង​ចាប់មនុស្សធ្វើជាចំណាប់ខ្មាំងក្នុងធនាគារ BRED មានតែម្នាក់ឯងប៉ុណ្ណោះ​។ កម្លាំងប៉ូលិសបានឡោមព័ទ្ធជុំវិញ​ធនាគារ​ ក្រោយទទួលបានព័ត៌មានស្តីពីការចាប់ចំណាប់ខ្មាំងខាងលើ។
ប្រព័ន្ធផ្សព្វផ្សាយបារាំង​បានផ្សាយថា ជនចាប់មនុស្សធ្វើជាចំណាប់ខ្មាំងមានអាយុ​៣៤ឆ្នាំ ​បានដាក់លក្ខខណ្ឌក្នុងការដោះលែងចំណាប់ខ្មាំង​ គឺត្រូវដោះលែង​កុមារប៉ាឡេស្ទីន​ដែលឃុំខ្លួនខុសច្បាប់នៅប្រទេសអុីស្រាអែលឲ្យមានសេរីភាព​។ ចំណែកពលរដ្ឋប៉ាឡេស្ទីន​មានអាយុ​ក្រោម​៤០ឆ្នាំ មានសិទ្ធិទៅកាន់ព្រះវិហារ អ៊ិស្លាម al-Aqsa នៅតំបន់ហ្ស៊េរុយសាឡឹម។
នៅយប់ថ្ងៃទី៦ខែសីហា​ ខ្មាន់កាំភ្លើង បានដោះលែងចំណាប់ខ្មាំង៣នាក់ ក្រោយមកក៏ដោះលែងម្តងម្នាក់ មុនពេលចេញសារភាពនៅវេលាម៉ោង​២៣យប់ថ្ងៃទី​៦ខែសីហា(ម៉ោងនៅបារាំង)។ ប៉ូលិសបារាំងបានបញ្ជាក់ថា មិនមានចំណាប់ខ្មាំងណាម្នាក់រងរបួសនោះឡើយ​ ហើយខ្មាន់កាំភ្លើងក៏មិនផ្ទុះអាវុធមួយគ្រាប់ណាដែរ៕ដោយ៖ធី រីណា


ចែករំលែក៖