ភ្នំពេញ៖ ផេក (Facebook page) សម្តេចតេជោ ឬផេក សម្តេចក្រឡាហោម តែងទទួលយកនូវបណ្តឹង និងសំណូមពររបស់ប្រជាពលរដ្ឋជនរួមជាតិទាំងអស់ ដើម្បីផ្តល់បាននូវភាពយុត្តិធម៍សង្គមស្មើៗគ្នា។
លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានបង្ហោះលើ Facebook ផ្លូវការយ៉ាងដូច្នេះថា៖«យើងទទួលយកសំណូមពរពលរដ្ឋនឹងការរិះគន់ដោយញញឹមនឹងកក់ក្តៅ»
លោកបន្តថា៖ «នៅពេលពលរដ្ឋដាក់សំណើសុំ ឬលិខិតសុំជំនួយអ្វីមួយមកខាងលើ គឺប្រាកដជាមានហេតុផលដែលពលរដ្ឋអស់ផ្លូវហើយ»។
អនុរដ្ឋលេខាធិការ ដួង តារា បានលើកឡើងថា៖ តេីហេតុអ្វីបានជាពលរដ្ឋមិនដាក់ជូនទៅមន្រ្តី ឬអាជ្ញាធរខេត្តទទួលបន្ទុកកិច្ចការទាំងនោះដោយផ្ទាល់? តើហេតុអ្វីចាំបាច់ដាក់មកផេក (Facebook page) សម្តេចតេជោ ឬផេក សម្តេចក្រឡាហោម?
លោកគូសបញ្ជាក់ថា៖ ទោះបីខុសឬត្រូវ យើងគួរគប្បីស្តាប់ពលរដ្ឋទាំងសង្ខាងដោយញញឹមឈរលើសច្ចៈភាពមិនលម្អៀង។ ម៉្យាងវិញទៀត បើគ្រាន់តែស្តាប់ត្រឹមរបាយការណ៍ដោយមិនចុះជួបសាកសួរឬស្តាប់ពលរដ្ឋដោយផ្ទាល់ទេនោះ ដំណោះស្រាយអាចនឹងលម្អៀងហើយក៏ដោះស្រាយអត់ចេញដែរ។ បើអ្នកដោះស្រាយពិតជាមិនមានផលប្រយោជន៍នៅក្នុងបញ្ហាមួយដុំនោះទេ គឺប្រាកដជាដោះស្រាយចេញជាលទ្ធផលដែលគ្រប់គ្នាអាចទទួលយកបានដោយរីករាយជាមិនខាន។
លោកសូមអរគុណដល់លោកអភិបាលខេត្តកំពង់ចាម ដែលសម្រេចចិត្តចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅភូមិពពិត ភូមិតាំងគោក ស្រុកបាធាយ ថ្ងៃច័ន្ទនេះ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ៖ សុខ ខេមរា