ព័ត៌មានទាន់ហេតុការណ៍៖

ការិយាល័យបច្ចេកទេសកងទ័ពជើងគោកបើកវគ្គបំប៉នស្តីពីការងារគ្រប់គ្រងនិងផែនការធានាបច្ចេកទេសឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ ការិយាល័យបច្ចេកទេសកងទ័ពជើងគោក បានដំណើរការបើកវគ្គបំប៉ន ស្តីពីការងារគ្រប់គ្រង និងផែនការធានាបច្ចេកទេស ថ្នាក់មេបញ្ជាការរង ទទួលបច្ចេកទេស និងនាយការិយាល័យបច្ចេកទេស ឆ្នាំ២០២០ ដែលមានរយៈពេល០៥ថ្ងៃ ចាប់បើកពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ។ វគ្គបំប៉ននេះបានប្រព្រឹត្តទៅនៅក្នុងទីបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក ។
លោកឧត្តមសេនីយ៍ទោ សូ សំរិន បានឱ្យដឹងថា ការវិវត្តន៍របស់ការិយាល័យបច្ចេកទេសកងទ័ពជើងគោក ជាដំបូងអង្គភាពនេះ ជាស្នងការបច្ចេកទេស ស្ថិតក្រោមការដឹកនាំបញ្ជារបស់អគ្គស្នងការភស្តុភារ។ បន្ទាប់មកក៏ស្ថិតនៅក្រោមការដឹកនាំបញ្ជាក្រសួងការពារជាតិ។ រហូតមកដល់ឆ្នា១៩៩៩ អង្គភាពនេះជាក្រុមបច្ចេកទេស អគ្គសេនាធិការ និងក្នុងពេលបច្ចុប្បន្ន បានក្លាយជាការិយាល័យបច្ចេកទេសកងទ័ពជើងគោក។ លោកបានបន្តថា កាបើកវគ្គបំប៉ននេះគឺ អនុវត្តន៍ តាមបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោក និងផែនការប្រចាំឆ្នាំរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីអនុវត្តការងារគ្រប់គ្រង រាល់គ្រឿងបំពាក់ របៀបការងារ, ផែនការ, និងសេចក្តីត្រូវការ ធានាបច្ចេកទេសឱ្យមានការឯកភាពគ្នាជារួមរបស់កងទ័ពជើងគោក និងដោយឡែកសម្រាប់ការិយាល័យបច្ចេកទេសកងទ័ពជើងគោក។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក សួន ខាំឡ បានផ្តល់អនុសាសន៍ចំនួន៥ចំណុច ដើម្បីផ្តល់ជូននាយទាហានទទួលបន្ទុកការងារបច្ចេកទេសក្តាប់បាននូវរាល់សំណូមពរ របៀបធ្វើរបាយការណ៍ ផែនការទៅតាមដំណាក់កាលនីមួយៗ ស្តីពីការងារគ្រប់គ្រង និងផែនការធានាបច្ចេកទេសរបស់កងទ័ពជើងគោក។

ជំនួសមុខជូន លោកមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក សួន ខាំឡ បានចាត់ទុកវគ្គបំប៉ននេះ ពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាពការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ និងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច និងការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ។

លោកឧត្តមសេនីយ៍ឯក សួន ខាំឡ ក៏បានផ្តាំផ្ញើដល់នាយទាហាន ក្នុងវគ្គបំប៉នស្តីពីការងារគ្រប់គ្រង និងផែនការធានាបច្ចេកទេសឆ្នាំ២០២០ ទាំងអស់ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការសិក្សារៀនសូត្រ សំដៅធ្វើយ៉ាងណាឱ្យពេលបញ្ចប់វគ្គ ធានាបានទាំងបរិមាណ គុណភាព និងទទួលបានលទ្ធផលល្អ ៕ដោយ៖សូរិយា


ចែករំលែក៖