ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស្រាបៀរអង្គរចុះចំណោតក្រឡាប់ផ្ងារជើងចេញស្រាបៀររប៉ាត់រប៉ាយមុខក្រុមហ៊ុនផលិតស្រាបៀរនេះតែម្តង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជាញឹកញាប់បំផុតដែលគេបានឃើញជាក់ៗស្តែង ចំពោះរថយន្តដឹកស្រាបៀរអង្គរ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍បុកគ្នាលើកំណាត់ផ្លូវជាតិ បើកក្រឡាប់នេះជាដើម ធ្លាយចេញស្រាបៀរទាំងកេសៗ ហើយករណីខ្លះបណ្តាលឱ្យមនុស្សគ្រោះថ្នាក់របួស ស្លាប់មនុស្សទៀតផង។ 

សូមបញ្ជាក់ថា៖ កាលពីម្សិលមុិញ វេលាម៉ោង១០និង៣០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រថយន្តដឹកស្រាបៀរអង្គរមួយគ្រឿងដឹកស្រាបៀរចេញពីក្រុមហ៊ុនផលិតស្រាបៀររបស់ខ្លួន ចុះចំណោតបណ្តាលឱ្យធ្លាក់ប្រឡាយក្រឡាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ពិសេសប្រជាពលរដ្ឋមកដណ្តើមគ្នារើសស្រាបៀរយ៉ាងប្រសេចប្រសាច ។ 

ករណីរថយន្តដឹកស្រាបៀរអង្គរក្រឡាប់នេះ ស្ថិតនៅមុខទីតាំងក្រុមហ៊ុនផលិតស្រាបៀរអង្គរតែម្តង ត្រង់ចំណុចឃ្លាំងលើ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ តែសំណាងល្អដែរដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ និងអ្នកបើកបរ។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ រថយន្តខាងលើដឹកស្រាបៀរអង្គរចំនួន ២៣៤០កេស ផ្ទុកធ្ងន់ហើយបើកចុះចំណោត ក៏បណ្តាលឱ្យធ្លាក់ប្រឡាយក្រឡាប់តែម្តង ។

ក្រោយកើតហេតុ មានប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់ ជាច្រើននាក់ មកនាំគ្នារើសស្រាបៀរ ដែលធ្លាក់រប៉ាត់រប៉ាយនោះ ។

ប្រជាពលរដ្ឋរិះគន់ថា មុននឹងធ្វើការដឹកជញ្ជូនស្រាបៀរ គួរតែខាងអ្នកគ្រប់គ្រងរថយន្ត ឱ្យអ្នកបើកបរ ពិនិត្យមើលបច្ចេកទេសឱ្យបានសព្វគ្រប់ ដើម្បីកាត់បន្ថយហានិភ័យ គ្រោះថ្នាក់កើតឡើងជាយថាហេតុខ្វះការត្រួតពិនិត្យបច្ចេកទេសរថយន្ត។ 

នេះមិនមែនជាលើកទី១ទេ ដែលរថយន្តដឹកស្រាបៀរអង្គរធ្លាប់ក្រឡាប់ និងបង្កករណីគ្រោះថ្នាក់ចរាចរណ៍។

សូមបើកបរគោរពច្បាប់ចរាចរណ៍គឺស្រឡាញ់ខ្លួនអ្នកនិងអ្នកដទៃ។

បើស្រវឹងកុំបើកបរ ពិសេសបើបើកឡានដឹកស្រាបៀរ កុំពិសាស្រា ៕ដោយ៖ សិលា


ចែករំលែក៖