ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតនៅស្រីលង្កា គណបក្សកាន់អំណាច​ទទួលបានជ័យជម្នះ

ចែករំលែក៖

អន្តរជាតិ៖ តាមតួលេខរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតស្រីលង្កា បានប្រកាសនៅថ្ងៃទី​៧ខែសីហា ថា គណបក្សកាន់អំណាច (SLPP)​ របស់នាយករដ្ឋមន្ត្រី Mahinda Rajapaksa ទទួលបានជ័យជម្នះ​ក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី​៥ ខែសីហា។
គណបក្សរបស់លោក ​Mahinda Rajapaksa ទទួលបានការគាំទ្រ ដល់ទៅ​២ភាគ៣​ ស្មើ១៤៥កៅអីក្នុងសភាដែលមាន​២២៥កៅអី​។ ឈរលំដាប់ទីពីរគឺគណបក្ស​ប្រជាជនរួបរួមគ្នា (UNP) ដែលជាគណបក្សមានអាយុកាលយូរឆ្នាំហើយនៅក្នុងប្រទេសនេះទទួលបាន៥៤អាសនៈ ។ លំដាប់ទី​៣គឺគណបក្សសម្ព័ន្ធប្រជាជនតាមិល​ (ITAK) ទទួលបាន​១០កៅអីក្នុងសភា​។
តាមគម្រោង លោកMahinda Rajapaksa នឹងចូលកាន់តំណែងអាណត្តិទី​២នៅចុងសប្តាហ៍នេះតែម្តង។ នៅសប្តាហ៍ក្រោយ លោក​នឹងប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មីស្រីលង្កា។
តាមរដ្ឋធម្មនុញ្ញស្រីលង្កា​ គណៈរដ្ឋមន្ត្រីថ្មីមានរដ្ឋមន្ត្រីច្រើនបំផុត​៣០រូប​​ ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​Mahinda Rajapaksa ក៏បានអរគុណដល់ពលរដ្ឋដែលបន្តគាំទ្រលោកឱ្យដឹកនាំប្រទេសជាបន្តទៀត។ តាមគម្រោងគណៈរដ្ឋមន្ត្រីថ្មី មិនមានការផ្លាស់ប្តូរអ្វីច្រើននោះឡើយដោយសារតែគណៈរដ្ឋមន្ត្រីចាស់កំពុងដំណើរការទៅមុខយ៉ាងល្អបំផុត៕ដោយ៖ធី រីណា


ចែករំលែក៖