អន្តរជាតិ៖មកដល់វេលាម៉ោង៨យប់ថ្ងៃទី៧ ខែសីហា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ ដល់ទៅជាង១៩,៣លាននាក់ ក្នុងនោះមានអ្នកស្លាប់ជិត៧២០ពាន់នាក់។ អគ្គនាយកអង្គការសុខភាពពិភពលោកបានអំពាវនាវដល់ពិភពលោកទាំងមូលសាមគ្គីគ្នាឆ្លងផុតពេលវេលាដ៏លំបាកនេះ។
ប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាង១លាននាក់មានតែ៣ប្រទេសប៉ុណ្ណោះ ក្នុងនោះមានអាមេរិក មានអ្នកឆ្លងជាង៥លាននាក់ និងស្លាប់ជាង១៦២ពាន់នាក់ ។ ទីពីរគឺប្រទេសប្រេស៊ីល មានអ្នកឆ្លងជិត៣លាននាក់ ហើយនិងស្លាប់ជាង៩៨ពាន់នាក់។ ប្រទេសទី៣ដែលមានអ្នកឆ្លងដល់លាននាក់ដែរនោះគឺឥណ្ឌា ដោយមកទល់ពេលនេះមានអ្នកឆ្លងជាង២លាននាក់ហើយនិងស្លាប់សរុបជាង៤១ពាន់នាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ឥណ្ឌាមានអ្នកឆ្លងច្រើនជាងគេបង្អស់ គឺមានដល់ទៅជាង៦២ពាន់នាក់។
ក្រសួងសុខាភិបាលឥណ្ឌា បានប្រកាសឲ្យដឹងថា បើទោះបីមានចំនួនអ្នកឆ្លងកើនឡើងច្រើន ប៉ុន្តែចំនួនអ្នកស្លាប់ដោយកូវីដ-១៩មានតែ២ភាគរយៈប៉ុណ្ណោះ ក្នុងចំណោមអ្នកឆ្លងគឺតិចជាងប្រទេសនានា។ ដោយឡែកអ្នកជាសះស្បើយវិញមានជាង៦៨ពាន់នាក់ ។
ឥណ្ឌាបានបិទប្រទេសតាំងពីខែមីនាមកទល់ខែឧសភា។ ក្រោយការបន្ថយការរឹតត្បិតធ្វើឲ្យឥណ្ឌាមានករណីឆ្លងកើនឡើងជាថ្មីវិញចាប់ពីខែមិថុនា មកទល់ពេលនេះ។ ក្រោយមានអ្នកឆ្លងជាមធ្យមជាង៥ម៉ឺននាក់ក្នុងមួយថ្ងៃ ឥណ្ឌាក៏បានសម្រេចបិទទ្វារសាលារៀន រហូតដល់ចុងខែសីហានេះ ៕ដោយ៖ធី រីណា