អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ក្នុងជំនួបតាមទូរស័ព្ទរយៈពេល៩០នាទី នៅថ្ងៃទី៧ ខែសីហានេះ រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បានព្រមានទៅ លោក Mark Esper រដ្ឋមន្ត្រីការពារជាតិអាមេរិកឲ្យបញ្ឈប់សកម្មភាព និងពាក្យសម្តីដែលមិនត្រឹមត្រូវ និងជៀសវាងសកម្មភាពគ្រោះថ្នាក់ទាំងឡាយណាដែលធ្វើឲ្យអូសបន្លាយស្ថានការណ៍។ លោករដ្ឋមន្ត្រីការពារជាតិចិននិយាយបែបនេះដោយសំដៅចំៗទៅលើបញ្ហាសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់។
ការព្រមានរបស់ លោក Wei Fenghe បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ កក្កដាកន្លងទៅនេះ បានសម្រេចបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ និងស្របពេលដែលបញ្ហាសមុទ្រខាងត្បូងកាន់តែក្ដៅដែរនោះ។ ដោយគម្រោងទស្សនកិច្ចនៅតៃវ៉ាន់ធ្វើឲ្យចិនក្តៅក្រហាយ និងជំទាស់យ៉ាងដាច់ខាត។
ចំពោះកិច្ចសន្ទនានោះដែរ បន្ទាប់ពីអាមេរិក ប្រកាសពីគម្រោងទស្សនកិច្ចរបស់លោក Alex Azar រដ្ឋមន្ត្រីសុខាភិបាល និងសេវាកម្មប្រជាជនទៅកាន់តៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់សមាជិកគណៈរដ្ឋមន្ត្រីអាមេរិកនេះត្រូវបានគេចាត់ទុកថា ជាទស្សនកិច្ចកម្រិតខ្ពស់ក្នុងរយៈពេល២០ឆ្នាំចុងក្រោយក្នុងទំនាក់ទំនងមិនផ្លូវការអាមេរិក-តៃវ៉ាន់ ហើយក៏ចំពេលដែលអាមេរិក មិនទទួលស្គាល់ការទាមទារអធិបតេយ្យភាពរបស់ចិនក្នុងសមុទ្រចិនខាងត្បូងដោយអះអាងថា មិនអនុលោមតាមច្បាប់អន្តរជាតិ។
ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin ចំពោះដំណើរទស្សនកិច្ចខាងលើនេះ បានទាមទារឲ្យលុបចោលដំណើរទស្សនកិច្ចខាងលើ។ លោក Wang បានសង្កត់ធ្ងន់ថា៖« ចិន ប្រឆាំងយ៉ាងដាច់ខាតចំពោះការផ្លាស់ប្តូរមន្ត្រីទៅវិញទៅមក រវាងចិន និងតៃវ៉ាន់»។ លោកបន្ថែមថាចិនទទូចឲ្យអាមេរិកគោរពគោលការណ៍ចិនតែមួយ ដើម្បីជៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅសងខាងច្រកសមុទ្រតៃវ៉ាន់។
សូមជម្រាបថា ផ្ទុយពីអ្វីដែលចិនបានលើកឡើង លោក Esper រដ្ឋមន្ត្រីការពារជាតិអាមេរិក បានលើកឡើងទៅវិញថា៖ រដ្ឋាភិបាលចិនឯណេះទេដែលជាអ្នកបង្កអស្ថិរភាព។ លោក Jonathan Hoffman អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានលើកឡើងថា លោក Esper ស្នើឲ្យចិនមានតម្លាភាពជាងមុនលើរឿង COVID-19 ។ ប្រមុខការពារជាតិអាមេរិក ក៏បង្ហាញការបារម្ភលើអំពីការបង្ករអស្ថិរភាពរបស់ចិននៅជុំវិញតៃវ៉ាន់ និងស្នើឲ្យចិនគោរពតាមកាតព្វកិច្ចអន្តរជាតិ។
គួរបញ្ជាក់ថា បើតាមពិតទៅ លោក Esper ក៏មានបំណងទៅធ្វើដំណើរទស្សនកិច្ចទៅចិនឲ្យបានមុនចុងឆ្នាំនេះដែរ។ គោលដៅនៃទស្សនកិច្ចនេះ គឺផ្ដោតលើការពិភាក្សាការធ្វើឲ្យប្រសើរឡើងទំនាក់ទំនងនៅពេលមានវិបត្តិជាពិសេសក្នុងស្ថានការណ៍ដែលកងទ័ពជើងទឹកអាមេរិកចេញប្រតិបត្តិការជាប្រចាំជិតកោះតៃវ៉ាន់ និងក្នុងសមុទ្រចិនខាងត្បូង៕ដោយ៖ស តារា