ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាម និងបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីភាគីម្ខាងជិះម៉ូតូបត់ឆ្លងផ្លូវបម្រុងត្រឡប់ក្រោយត្រូវភាគីម្ខាងទៀតជិះម៉ូតូក្នុងល្បឿនលឿនមកបុកពេញទំហឹង កាលពីវេលាម៉ោង១១ និង ៣០នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២០ នៅចំណុចមុខសួនវឌ្ឍនៈ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FN-4528ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ឆ្វេងដៃបម្រុងត្រឡប់ក្រោយទៅទិសខាងលិចវិញ ភ្លាមនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លិក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FQ-5567ធ្វើដំណើរបញ្ច្រាសគ្នាពីកើតទៅលិច ក្នុងល្បឿនលឿនបានបុកម៉ូតូហុងដាឌ្រីមពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម៌ ។ ចំណែកខាងភាគីម៉ូតូហុងដាឃ្លិកបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ ហេីយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ។
រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ