ភ្នំពេញ៖បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងចេញពីក្រុមហ៊ុនផែស្ងួតអូលែរ ឆ្លងផ្លូវទៅបុករថយន្តស៊េរីទំនើបម៉ាកMAZDA មួយគ្រឿងបើកបរដោយបុរសជនជាតិចិនចំផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ៧ ខែសីហាឆ្នាំ២០២០ នៅចំណុចមុខក្រុមហ៊ុនផែស្ងួតអូលែរ តាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងចេញពីផែស្ងួតអូលែរក្នុងទិសដៅពីត្បូងទៅជើងឆ្លងផ្លូវជាតិលេខ៤បម្រុងឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកMAZDAពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AM-9393បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីកើតទៅលិចចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យរថយន្តម៉ាស់ស្តា រងការខូចខាតយ៉ាងដំណំ។ភ្លាមៗនោះតៃកុងរថយន្តបង្កហេតុបានចុះពីលើរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះមកដល់កន្លែងកើតហេតុដោយឃើញរថយន្តកុងតឺន័រនៅឈប់កាត់ទទឹងផ្លូវក៏បានឱ្យខាងក្រុមហ៊ុនបើករថយន្ដចូលទៅក្នុងក្រុមហ៊ុនជាបណ្តោះអាសន្នដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍។ បន្ទាប់មកមានតំណាងខាងភាគីក្រុមហ៊ុនរថយន្តកុងតឺន័រចេញមកធ្វើការសម្រុះសម្រួលជាមួយខាងភាគីបុរសជនជាតិចិនអស់រយៈពេលជិត១ម៉ោងនៅមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ផេង សុភាព