ភ្នំពេញ៖ ជនដ៏កំណាចជាអ្នកបើកឡានបំបុកឡានអ្នកដទៃយ៉ាងព្រហើន ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ គាត់មានឈ្មោះ ញ៉ សុខហេង ជាថៅកែហាងសាច់អាំង ហេង ហេង នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សូមរំលឹកថា កាលពីវេលាម៉ោងជាង១យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ មានករណីអ្នកបើកបររថយន្ត Land Cruiser ពាក់ស្លាកលេខ ភ្នំពេញ 2AW-2099 បានបើកបំបុកឡាន Prius មួយគ្រឿងយ៉ាងព្រហើន ក្នុងចេតនាសម្លាប់ជនរងគ្រោះ ។ ពេលនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ពីបទ «ប៉ុនប៉ងឃាតកម្មនិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ។
ទោះជនទំនើងរូបនោះ ត្រូវបានគេចខ្លួនពីកន្លែងកើតហេតុក៏ដោយ ក៏ទីបំផុតប្រភពព័ត៌មានច្បាស់ការណ៍មួយបានទម្លាយឱ្យដឹងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះថា ជនបង្ករូបនេះ មានឈ្មោះ ញ៉ សុខហេង ជាថៅកែហាងសាច់អាំង ហេង ហេង នៅផ្លូវលេខ៥៩០ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ។
នៅពេលនេះ មជ្ឈដ្ឋានជាច្រើនកំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច ដោយសង្ឃឹមថា នឹងចាប់ខ្លួនជនបង្កបាននាពេលឆាប់ៗខាងមុខនេះ។
ប្រជាពលរដ្ឋទទួលស្គាល់ពីចំណាត់ការ របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលតែងយកចិត្តទុកដាក់បំផុតក្នុងការបង្ក្រាបបទល្មើស ។ ដូច្នេះលោកនឹងធ្វើកិច្ចការផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រោះដែលជនទំនើងឈ្មោះ ញ៉ សុខហេង ជាថៅកែហាងសាច់អាំង ហេង ហេង បើកឡានដេញបំបុក ប៉ុនប៉ងឃាតកម្មនិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស៕
ដោយ៖ សិលា