ភ្នំពេញ៖ តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនបានជួបជុំគ្នានៅថ្ងៃនៃការបើកដំណើរការឡើងវិញនូវរោងភាពយន្តទំនើបនានានៅភ្នំពេញ។ការជួបជុំនេះក៏ជាឱកាសដែលថ្ងៃដាក់បញ្ចាំងរឿង “ ស្នាមញញឹមចុងក្រោយ ” ។
រោងភាពយន្តទូទាំងប្រទេសកម្ពុជា បានផ្អាកដំណើរការជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។ ដំណឹងនៃការបើកដំណើរការឡើងវិញនេះបានធ្វើឲ្យផលិតករភាពយន្តបញ្ចេញសារសាទរជាច្រើនស្របពេលដែលផលិតករក្នុងស្រុកបានបង្ហាញពីក្តីកង្វល់នៃការបាត់បង់ប្រាក់ចំណូលពីការចាក់បញ្ចាំងភាពយន្តរបស់ខ្លួននៅលើរោងភាពយន្ត។ ស្របគ្នានេះដែរកាលពីថ្ងៃទី០៧ ខែ សីហា ឆ្នាំ ២០២០ នេះ ផលិតកម្ម LD បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីការដាក់ញ្ចាំងរឿង “ ស្នាមញញឹមចុងក្រោយ ” ក្រោមវត្តមានសិល្បករវ័យក្មេងជាច្រើនដួង ។ នាថ្ងៃនោះផងដែរសិល្បករទាំងអស់បានបង្ហាញនូវអារម្មណ៍រីករាយគ្រប់គ្នា ក្រោយពីរោងភាពយន្តទាំងអស់ ប្រកាសបើកឲ្យដំណើរការឡើងវិញ ។
កញ្ញា អេឡា គឺជាតួឯកស្រីនៅក្នុងរឿង “ ស្នាមញញឹមចុងក្រោយ ” ចំណែកលោក លឹម ជាឡាយ គឺជាតួឯកប្រុស កន្លងមកអ្នកទាំងពីរមិនធ្លាប់សម្តែងរួមគ្នានោះទេ ។
កញ្ញា អេឡា បានរៀបរាប់ប្រាប់ថាជាលើកដំបូងហើយដែលខ្លួនបានចាប់ដៃគ្នាសម្តែងជាមួយលោក លឹមជាឡាយ ទោះបីជាជួបនូវការលំបាកជាច្រើន តែនាងបានប្រឹងប្រែងតស៊ូថតរឿងនេះរហូតបានសម្រេចទៅតាមអ្វីដែលអ្នកដឹកនាំរឿងចង់បាន ។
ដោយឡែកលោក លឹម ជាឡាយវិញ បានឱ្យដឹងផងដែរថា រឿង “ ស្នាមញញឹមចុងក្រោយ ” ជាស្នាដៃថ្មីមួយដែលលោកមិនអាចបំភ្លេចបានក្នុងជីវិត ពីព្រោះក្នុងរឿងនេះលោកបានជួបនូវហេតុការណ៍ជាក់ស្តែងមួយដែលលោកមិនធ្លាប់បានជួបនាពេលកន្លង លោកស្ទើរតែបានបង់ជីវិតនៅពេលថតរឿងនេះ ។ លោកនឹងបង្ហាញវិដេអូដែលលោកបានជួបប្រទះនៅពេលលោកថតរឿងនេះ ក្រោយពីរឿងនេះ បញ្ចាំងនៅលើរោងភាពយន្តចប់ ។
មិនដឹងថាតើបុរសសង្ហារ លឹម ជាឡាយ ជួបនូវហេតុការណ៍អាក្រក់អ្វីនោះទេ ដែលធ្វើឱ្យលោក ពោលពាក្យដ៏រន្ធត់បែបនេះ ។
គួរបញ្ជាក់ដែរថាក្រៅពីកញ្ញា អេឡា និងលោក លឹម ជាឡាយ ក៏មានវត្តមានសិល្បករជាច្រើនដួងទៀត ដែលបានពួតដៃគ្នាសម្តែងក្នុងរឿង “ ស្នាមញញឹមចុងក្រោយ ” ដោយពួកគេសង្ឃឹមថា ស្នាដៃថ្មីនេះនឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ។ ជាមួយគ្នានេះផងដែរផលិតកម្ម LD ក៏កំពុងដាក់បញ្ចាំងរឿង The Clock នៅក្រៅប្រទេសផងដែរ ៕ ដោយ ៖វឌ្ឍនា