ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង២ក្រុមវាយគ្នានៅតាមផ្លូវត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនបាន៥នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងទំនើង២ក្រុមបានប្រើហិង្សា វាយគ្នាទៅវិញទៅមកបណ្តាលឲ្យរងរបួសត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនបាន៥នាក់យកទៅសាកសួរ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចតំបន់បឹងកក់ថ្មី ក្បែរហាងកាហ្វេអាម៉ាហ្សូន ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

    សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុមានក្រុមក្មេងទំនើង២ក្រុម មួយក្រុមមានគ្នា៤នាក់ និងមួយក្រុមទៀតមានគ្នា៦នាក់ បានចេញពីផឹកស៊ីនៅឯត្រើយម្ខាងជិតសណ្ឋារគារសុខា​ ខណ្ឌជ្រោយចង្វា លុះជិះម៉ូតូមកដល់ចំណុចកើតហេតុក្មេងទំនើងទាំងពីរក្រុមបានវាយគ្នាទៅវិញទៅមកបណ្តាលឱ្យមានរបួសស្នាម។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលស្រះចកបានចុះទៅដល់និងឃាត់ខ្លួនបានក្រុមក្មេងទំនើង៥នាក់យកមកស្នាក់ការប៉ុស្តិ៍នគរបាលស្រះចក។

បច្ចុប្បន្នក្មេងទំនើង៥នាក់នោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីបន្ត៕ជ្រោយពេជ្រ


ចែករំលែក៖