អន្តរជាតិ៖ នាយករដ្ឋមន្ត្រីលីបង់ លោក Hassan Diab បានប្រកាសថា លោកបានស្នើឲ្យរៀបចំបោះឆ្នោតមុនពេលកំណត់ដើម្បីបញ្ចប់វិវាទនយោបាយនៅក្នុងប្រទេសនេះពិសេសក្រោយពេលផ្ទុះយ៉ាងខ្លាំងនៅកំពង់ផែក្នុងរដ្ឋធានី Beirut។
តាមការប្រកាស កាលពីថ្ងៃទី ៨ខែសីហា នាយករដ្ឋមន្ត្រីHassan Diab បានប្រកាសថា «ចំពោះស្ថានភាពពិតដែលបានកើតឡើងនៅក្នុងប្រទេសនេះមិនមានអ្វីអាចរកដំណោះស្រាយបានឡើយ សម្រាប់បញ្ចប់វិវាទនយោបាយ មានតែការបោះឆ្នោតឲ្យបានឆាប់បំផុតប៉ុណ្ណោះ»។
ការប្រកាសរបស់លោក Hassan Diab កើតឡើងក្រោយពេលពលរដ្ឋនៅទីក្រុង Beirut ប្រមាណ១០ពាន់នាក់នាំគ្នាធ្វើបាតុកម្ម
ប្រឆាំងថ្នាក់ដឹកនាំប្រទេសនេះដែលខ្វះការទទួលខុសត្រូវ ធ្វេសប្រហែសទើបបណ្តាលឲ្យមានករណីផ្ទុះយ៉ាងខ្លាំងកើតឡើងសម្លាប់មនុស្ស១៥៨នាក់ និងរបួសកើនឡើងដល់ជាង៦ពាន់នាក់ហើយ។
នៅក្នុងព្រឹត្តិការណ៍ថ្មីបំផុត ក្រុមបាតុករបានសម្រុកចូលទីតាំងអគារក្រសួងការបរទេសនៅទីក្រុងBeirut និងក្រសួងនានាក្នុងប្រទេសនេះ។ បាតុកម្មបង្កឲ្យមានអំពើហិង្សាប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិស បណ្តាលឲ្យមានមនុស្ស៧២៨នាក់រងរបួសបន្ថែមទៀត។ ក្នុងអំពើហិង្សានេះបណ្តាលឲ្យប៉ូលិសម្នាក់ស្លាប់ផងដែរ៕
ដោយ៖ធី រីណា