ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយ​ការផ្ទុះ​កក្រើក​ទីក្រុង​បេ​រូត រយៈពេល៤ថ្ងៃមកហើយ នៅមានមនុស្ស​ច្រើនជាង​៦០​នាក់ បន្ត​បាត់​ខ្លួន

ចែករំលែក៖

បេរូត៖ យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បានអោយដឹងថា ​នៅ​ថ្ងៃទី​៨ ខែសីហា​ អាជ្ញាធរ​កំពុង​ស្វែងរក​មនុស្ស​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​ប្រមាណ​២,៧០០​ពាន់​តោន​កាលពី​ថ្ងៃទី​៤ ខែសីហា​ ហើយចំនួនអ្នកបាត់ខ្លួននោះមានប្រមាណជាង៦០នាក់ទៀត។​

​ប្រទេស​ជាច្រើន​បាន​បញ្ជូន​ជំនួយ​ជា​សម្ភារ និង​អ្នករុករក​ទៅកាន់​លី​បង់​ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​។ បារាំង​ដែលជា​អតីត​ម្ចាស់​អាណានិគម​លី​បង់ ចេញមុខ​ខ្លាំងជាងគេ ដោយ​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ធ្វើដំណើរ​ទៅកាន់​ទីក្រុង​បេ​រូត​ដោយផ្ទាល់​ទៀតផង​នោះ​។

នៅ​ថ្ងៃទី​៩ ខែសីហា សន្និសីទ​ពិភពលោក​មួយ នឹង​ធ្វើឡើង​ដើម្បី​កៀរគរ​ថវិកា​សម្រាប់​លី​បង់​។ បារាំង ជា​អ្នករៀបចំ​ជំនួប​តាម​អន​ឡាញ​នេះ​ជាមួយ​អង្គការសហប្រជាជាតិ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​ចូលរួម​ផងដែរ​។

គិត​ត្រឹម​ថ្ងៃទី​៨ នេះ មនុស្ស​១៥៤​នាក់ បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ដ៏​សោកសៅ​នេះ​។ ក្នុងចំណោម​អ្នកស្លាប់​ទាំងអស់ មាន​សាកសព​២៥ មិនទាន់​ត្រូវបាន​កំណត់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ «​បន្ថែម​ពីលើ​នោះ មនុស្ស​ច្រើនជាង​៦០​នាក់ កំពុង​បាត់​ខ្លួន​។​» មន្ត្រី​ក្រសួងសុខាភិបាល​លី​បង់​បញ្ជាក់​បែបនេះ​។ ដោយឡែក​នៅ​ថ្ងៃទី​៧ ខែសីហា រដ្ឋមន្ត្រី​សុខាភិបាល​ប្រទេស​នេះ​និយាយថា អ្នករបួស​យ៉ាងតិច​១២០​នាក់​ក្នុងចំណោម​អ្នករបួស​ជាង​៥​ពាន់​នាក់ មាន​អាការ​ធ្ងន់ធ្ងរ​។​

ចំពោះប្រជាជន​លី​បង់​ដែល​អស់​សង្ឃឹមលើ​រដ្ឋាភិបាល​ខ្លួន បាន​អំពាវនាវ​ឲ្យ​បារាំង​ជួយ​ពួកគេ​ដោយផ្ទាល់​។ លោក ម៉ា​ក្រុង សន្យា​ផ្ដល់ជំនួយ​ទៅកាន់​អង្គការ​នានា​ដោយ​មិន​ឆ្លង​រដ្ឋាភិបាល​លី​បង់​ឡើយ​៕ដោយ៖ស តារា


ចែករំលែក៖