ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់បានរត់ចូលក្នុងផ្ទះសំណាក់ទាំងភ័យស្លន់ស្លោ ហើយត្រូវបុគ្គលិកឃាត់សួរនាំដែរ តែមិនស្ដាប់ រួចបានរត់ឡើងដល់ជាន់ទី៣ គោះទ្វារបន្ទប់ភ្ញៀវប្រុសស្រី២នាក់ដែលកំពុងគេងនៅខាងក្នុងឲ្យបើកទ្វារ រួចចូលទៅក្នុងបន្ទប់ចាក់គន្លឹះទ្វារជាប់ ត្រូវបានបុគ្គលិកប្រុសស្រីរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះជួយធ្វើអន្តរាគមន៍ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង២:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ “សេវេន អេចឌី 7SEVEN HD” ជិតបេនឡានកាពីតូល លើផ្លូវលេខ១១១ កែងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បុរសដែលបង្កភាពភ្ញាក់ផ្អើលខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ អ៊ុំ សុភ័ក្ត អាយុ៤១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះទាំង២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
បើតាមសម្តីរៀបរាប់ពីស្ត្រីម្នាក់ដែលមើលការខុសត្រូវក្នុងផ្ទះសំណាក់បានឲ្យដឹងថា ដំបូងឡើយមានយុវជនប្រុសស្រី២នាក់បានមកជួលបន្ទប់ស្នាក់នៅមួយយប់ក្នុងផ្ទះសំណាក់ខាងលើ គឺនៅបន្ទប់លេខ៣០៥ ជាន់ទី៣ ។ ខណៈមកដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់ទំនងបែកថ្នាំបានរត់ចូលក្នុងផ្ទះសំណាក់ ហើយក៏ឡើងទៅលើជាន់ទី៣ ទៅគោះបន្ទប់លេខ៣០៥ គោះទ្វារហៅជនរងគ្រោះប្រុសស្រី២នាក់នោះឲ្យបើកទ្វារ។
បើតាមសម្តីជនរងគ្រោះបានប្រាប់ថា រូបគាត់ស្មានតែអ្នកធ្វើការក្នុងផ្ទះសំណាក់ក៏បើកទ្វារឲ្យចូល ស្រាប់តែជនសង្ស័យ ចូលមកទាញទ្វារបិទខ្ទាស់គន្លឹះ ហើយគំរាមមិនឲ្យស្រែក បើហ៊ានតែស្រែកគេចាប់បោកឲ្យងាប់ ខណៈនោះពួកគាត់ទាំង២នាក់ក៏ឃើញជនសង្ស័យក្តាប់ដៃ មានអាការដូចមនុស្សបែកថ្នាំ ធ្វើឲ្យពួកគាត់ភ័យខ្លាចទើបមិនហ៊ានស្រែក។
ស្ត្រីដែលគ្រប់គ្រងផ្ទះសំណាក់មើលការខុសត្រូវបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចឲ្យចុះមកជួយធ្វើអន្តរាគមន៍ដល់បន្ទប់លេខ៣០៥ ជាន់ទី៣ ហើយក៏បានប្រើពាក្យសម្ដីអង្វរលួងលោមទៅលើជនសង្ស័យ និងមានពាក្យគំរាមកំហែងខ្លះ ដើម្បីឲ្យជនសង្ស័យបើកទ្វារ រហូតមួយសន្ទុះធំទើបបានជនសង្ស័យព្រមបើកទ្វារចេញមកខាងក្រៅ ហើយត្រូវបានសមត្ថកិច្ចវាយខ្នោះយកទៅសួរនាំ និងឱ្យជនរងគ្រោះទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត ដើម្បីសួរនាំដំណើររឿង។ សំណាងល្អជនរងគ្រោះទាំង២នាក់មិនមានរងរបួសនោះទេ គ្រាន់តែហួសចិត្តហើយនឹកស្មានមិនដល់សោះ ប្រហោងពោះអស់ហើយ។
ក្រោយកើតហេតុបុរសខាងលើត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅឯអធិការដ្ឋាននគរបាលខណ្ឌ៧មករា។ ក្រោយសួរនាំចប់ទើបដឹងថាបុរសខាងលើនេះមានជំងឺសរសៃប្រសាទក៏បានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ដោយ៖ ស សម