ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរភូមិកំពង់​សំបួរ អំពាវនាវ​ឲ្យ​ពលរដ្ឋ​​ដែលធ្វើដំណើរ​តាមផ្លូវកំពង់សំបួរ ត្រូវជិះ​វាង​ទៅ​ផ្លូវ​សំរោង​ក្នុង​វិញ ព្រោះបញ្ហាបាក់ដីខ្លាំង

ចែករំលែក៖

ខេត្តបាត់ដំបង ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ជាយថាហេតុ ដោយសារភ្លៀងធ្លាក់ច្រើនថ្ងៃ ហើយទឹកហូរច្រុះដីបណ្ដាលឲ្យមានការបាក់ដីស្ថិតនៅតាមបណ្ដោយស្ទឹងសង្កែនោះ លោក ប៉ាត សុភី ដែលជាមេភូមិកំពង់សំបួរបានអំពាវនាវឲ្យពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវកំពង់សំបួរ នៅតាមបណ្ដោយស្ទឹងសង្កែ ជិះវាងទៅផ្លូវសំរោងក្នុងវិញ ដោយសារផ្លូវនេះអាចនឹងបាក់បន្តទៀត ខណៈបច្ចុប្បន្ន បានបាក់ប្រមាណ២០ម៉ែត្រ ហើយទទឹងផ្លូវនៅសល់ប្រមាណប៉ុណ្ណោះ

លោកមេភូមិកំពង់សំបួរបានបញ្ជាក់ថា៖«​ផ្លូវនេះ បាក់នៅម្ដុំក្លោងទ្វារវត្តសំរោងក្នុងខាងលិចប្រហែលម៉ោង១០យប់ បាក់ជាង២០ម៉ែត្រដោយសារទឹកភ្លៀងច្រុះដី ហើយផ្លូវនេះនៅសល់ទទឹងផ្លូវប្រមាណម៉ែត្រប៉ុណ្ណោះ​»​ហើយបច្ចុប្បន្នលោក ក៏បានរាយការណ៍ទៅថ្នាក់ស្រុកហើយ ដើម្បីសុំការជួយអន្តរាគមន៍

បន្ថែមពីនេះទៅទៀត លោកមេភូមិកំពង់សំបួរ និយាយបន្តថា

«​ប្រសិនបើមានភ្លៀងធ្លាក់បន្តបន្ទាប់ទៀត ផ្លូវនេះ អាចនឹងបាក់បន្តទៀត អ៊ឹចឹសុំឲ្យបងប្អូនប្រយ័ត្នឲ្យបានគ្រប់ពេលផង ទាំងអ្នកធ្វើដំណើរនិងអ្នកមានផ្ទះនៅក្បែរហ្នឹង​»​ លោកសង្កត់ធ្ងន់ថា ផ្លូវនេះនៅសល់ប្រមាណម៉ែត្រ គឺមានតែម៉ូតូនិងកង់ប៉ុណ្ណោះដែលអាចធ្វើដំណើរបាន ប៉ុន្តែដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយអាចកើតឡើងជាយថាហេតុ លោកស្នើឲ្យពលរដ្ឋធ្វើដំណើរផ្លូវវាងវិញ

ជាមួយគ្នានោះដែរលោកមេភូមិ បានគូសបញ្ជាក់ថា កាលពីឆ្នាំមុនផ្លូវនេះមានសភាពបាក់តិចតួចប៉ុណ្ណោះ ប៉ុន្តែមានបណ្ដោយវែងជាង១៣០ម៉ែត្រដោយសារទឹកជំនន់ពីស្ទឹងសង្កែ ដោយលោកក៏បានរាយការណ៍ទៅថ្នាក់លើដែរ ប៉ុន្តែមិនមានការជួសជុលណាមួយឡើយ ព្រោះត្រូវចំណាយថវិកាច្រើនដោយ៖ស តារា


ចែករំលែក៖