ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្ដាពន្លះគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីបេីកបររ៉ឺម៉កម៉ូតូដឹកទឹកសុទ្ធជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តម៉ាកម៉ាស្ដា១គ្រឿងបើកបត់ឆ្វេងដៃបានវាក់ក៏បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងច្រកចូលវិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តម៉ាកម៉ាស្ដា១គ្រឿងនោះពណ៌សពាក់ស្លាកលេខភ្នំពេញ1AW-1544 បើកបរដោយបុរសម្នាក់ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដឹកទឹកសុទ្ធនិងភេសជ្ជៈ ម៉ាកសុីទីផ្លឹសសេ១០០កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HC-1727 ហើយអ្នកបើកបររងរបួសធ្ងន់។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបានបើកបរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតក៏បានបត់ឆ្វេងដៃ ហើយវាក់ជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា ក្នុងទិសដៅពីលិចទៅកើត។ពេលនោះទាំងរថយន្តនិងរុឺម៉កម៉ូតូមិនអាចជាន់ហ្រ្វ័ងឈប់ទាន់និងមិនអាចគេចចេញពីគ្នាផុតក៏បានបុកគ្នាពេញទំហឹងតែម្ដង បណ្ដាលឲ្យអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសធ្ងន់និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ។ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកាន់ទីនោះ ហើយរាយការណ៍បន្តទៅកាន់នគរបាលជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យដើម្បីចុះធ្វើការវាស់វែងនិងចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖