លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានចែករំលែកពីករណីកូនក្មេងលេបចិញ្ចៀនដែលខ្លួនពាក់ចូលក្នុងពោះដោយគាត់បានលើកឡើងថា៖” ខ្ញុំធ្លាប់និយាយម្តងហើយ ការពាក់គ្រឿងអលង្ការអោយក្មេងមិនត្រឹមតែមិនមានផលប្រយោជន៍ទេ ថែមទាំងផ្តល់ទុក្ខទោសដល់ក្មេងវិញថែមទៀតផង។ សូមស្រឡាញ់កូនដោយភាពឆ្លាតវៃ ដោយមិនមានធ្វេសប្រហែស។ (ក្នុងរូបភាពខាងក្រោមគឺថតដោយ x-ray មិនមែនអេកូទេ)”។
លោកវេជ្ជបណ្ឌិតក៏បានចែករំលែក អត្ថបទ គុណវិបត្តិនៃគ្រឿងអលង្ការចំពោះក្មេងផងដែរ ដោយគាត់សរសេររៀបរាប់ថា៖ សំរាប់ខ្ញុំផ្ទាល់មិនគាំទ្រចំពោះការពាក់គ្រឿងអលង្ការអោយក្មេងទេ (សូម្បីមនុស្សចាស់ក៏ដោយក៏ខ្ញុំមិនសូវគាំទ្រដែរ លើកលែងពេលមានកម្មវិធី) ការពាក់គ្រឿងអលង្ការអោយក្មេងមិនត្រឹមតែមិនផ្តល់ផលល្អទេ ថែមទាំងផ្តល់ផលអាក្រក់ថែមទៀតផង។ ដូចនេះហើយបានខ្ញុំមិនទទួលចោះត្រចៀកក្មេងទេ។ ផលអាក្រក់បានមកពីការពាក់គ្រឿងអលង្ការអោយក្មេងមានដូចជា :
១- ខាតលុយកាក់ (អាចគ្មានបញ្ហាបើសិនបងប្អូនជាអ្នកធូរធារ)
២- អាចផ្តល់គ្រោះថ្នាក់ដល់ក្មេងដោយសារចោរកម្ម
៣- បណ្តុះទម្លាប់ក្មេងអោយតម្លៃតែទៅលើទ្រព្យសម្បត្តិក្រៅខ្លួន
៤- អាចធ្វើអោយក្មេងចេះអួតអាងហុឺហា
៥- ចោះត្រចៀកនៅតូចពេក អាចធ្វើអោយប៉ះពាល់ត្រចៀកកូន (ចំពោះក្រវិល)
៦- អាចប្រតិកម្មស្បែកផ្ទាល់ជាមួយគ្រឿងអលង្ការ
៧- អាចគ្រោះថ្នាក់ផ្សេងៗ ស្លាក់ ដាច់ទងត្រៀក រឹបដៃជ្រុល បាត់បង់ជាយថាហេតុ!!!
នៅមានចំណុចច្រើនទៀត។ នៅប៉ែកលោកខាងលិចប្រទេសគេទំនើបៗប្រទេសគេអ្នកមានកម្រឃើញគេពាក់គ្រឿងអលង្ការណាស់ទាំងចាស់ទាំងក្មេង ព្រោះគេដឹងតម្លៃមនុស្សពិតប្រាកដ និងអ្វីដែលជាតម្រូវការជួយសម្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សពិតប្រាកដ។ ខ្ញុំនិយាយនេះអាចប៉ះពាល់អារម្មណ៍បងប្អូនមួយចំនួន តែខ្ញុំគ្រាន់តែចង់និយាយពីការយល់ឃើញរបស់ខ្ញុំ។
ក្មេងៗមិនត្រូវការគ្រឿងអលង្ការលម្អខ្លួននោះទេ គេត្រូវការតែអាហារដែលមានជីវជាតិគ្រប់គ្រាន់ កន្លែងរស់នៅសមរម្យ ការរៀនសូត្រ និងភាពកក់ក្តៅពីក្រុមគ្រួសារ ពីឪពុកម្តាយ៕
ដោយ៖ សសម