ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងអុីនធឺណេត បង្កប់ល្បែងភ្នាល់បាល់មួយកន្លែងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបឃាត់ខ្លួនប្រុសស្រី១០នាក់

ចែករំលែក៖

ភ្នំពេញ៖ កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីតែងតែ ជម្រុញអោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អោយយកចិត្តទុកដាក់ពីបញ្ហា បទល្មើសជាក់ស្ដែង ទីតាំងបង្កប់ល្បែងស៉ីសងគ្រប់ប្រភេទ ដែលខុសពីគោលនយោបាយភូមិឃុំមាន សុវត្ថិភាព ត្រូវការចុះបង្ក្រាប ភ្លាម។ ដូច្នេះ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលទួលគោក បានបង្ក្រាបជាក់ស្ដែងតែម្ដង នៅទីតាំងអុីនធឺណេតបង្កប់ល្បែងភ្នាល់បាល់ តាមអនឡាញ ដែលក្នុងនោះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់និងដកហូតសម្ភារកំព្យូទ័រមួយចំនួននៅមូលដ្ឋានខណ្ឌទួលគោក។

ប្រតិបត្តិការចុះបង្រ្កាបនេះ មានការដឹកនាំផ្ទាល់ដោយ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលទួលគោក ចុះបង្ក្រាបទីតាំងអុីនធឺណេត នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ២៥២ ផ្លូវលេខ២៥៥ ក្រុម៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តី ខណ្ឌទួលគោក បានអោយដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប ជាក់ស្ដែងនេះ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការស្រាវជ្រាវស៊ើបអង្កេត ច្បាស់លាស់ពិតជាមានល្បែងភ្នាល់ពិតប្រាកដ ទើបលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលទួលគោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបនៅទីតាំងអុីនធឺណេត បង្កប់ល្បែងភ្នាល់បាល់តាម អនឡាញ នេះ ដោយ ឃាត់ខ្លួនមនុស្សប្រុសស្រី១០នាក់ ក្នុងនោះស្រី៥នាក់ដែលជាអ្នកកត់ប៉ុង បាល់ និងមនុស្សប្រុស៥នាក់ ជាអ្នកមកលេងល្បែង ថែមទាំងដកហូតទូរកំព្យូទ័រជាង១០គ្រឿងផងដែរ។

ជាចុងក្រោយ កម្លាំងគណៈបញ្ជាការបាននាំខ្លួនមនុស្សប្រុសស្រីទាំង១០នាក់ និងវត្ថុតាងរួមមានកំព្យូទ័រ ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖រ៉ា រ៉ា


ចែករំលែក៖