ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងបត់ចូលក្រុមហ៊ុនផែស្ងួតអូលែរ មិនប្រយ័ត្នកៀរឡំប្រឺតាមួយគ្រឿងខណៈបើកស្របទិសដៅគ្នាធ្វើឱ្យឡំប្រឺតាក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំនិងបណ្តាលឲ្យម្ចាស់ឡំប្រឺតាខ្ទាតចេញរងរបួសដៃជើង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២ យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០ នៅចំណុចមុខក្រុមហ៊ុនផែស្ងួតអូលែរ តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ក្បាលពណ៌ទឹកប្រាក់លាយក្រហម ពាក់ស្លាកលេខភ្នំពេញ3B-8944ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃចូលទៅក្រុមហ៊ុនផែស្ងួតអូលែរ ហើយបានកៀរឡំប្រឺតាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខកំពង់ចាម1T-0393បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសដៅគ្នាអែបចំហៀងរថយន្តកុងតឺរន័ខាងស្តាំធ្វើឱ្យក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំនិងបណ្តាលឲ្យម្ចាស់ឡំប្រឺតាខ្ទាតចេញក្រៅរងរបួសដៃម្ខាងនិងជើងម្ខាង។បន្ទាប់មកក៏មានសាច់ញាតិបានមកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះមកដល់បានធ្វើការទំនាក់ទំនងទៅជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តបង្កហេតុនិងឡំប្រឺតារងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖សុខាសែនជ័យ