ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ត្រាំ ប្រកាសថា សហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយបន្ថែមទៅប្រទេសលីបង់

ចែករំលែក៖

អន្តរជាតិ៖ យោងតាមទីភ្នាក់ងារAKP បានចេញផ្សាយនៅថ្ងៃទី១១ខែសីហា ឆ្នាំ២០២០នេះថា រដ្ឋបាលក្រុងវ៉ាស៊ីនតោន បានបញ្ជូនយន្តហោះធុនធំចំនួន ៣គ្រឿងទៅទីក្រុងបេរូតនៃប្រទេសលីបង់ ដែលរងការផ្ទុះដ៏ខ្លាំងមួយជាមួយនឹងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ស្បៀងអាហារ ទឹក និងឧបករណ៍សង្គ្រោះបន្ទាន់ដើម្បីជួយដល់ទីក្រុងនេះ។

បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងក្លាមួយ និងបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននៅទីក្រុងបេរូត ប្រទេសលីបង់ហើយនោះ លោក ដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនយន្តហោះផ្តល់ជំនួយបន្ថែមទៀតដល់ប្រទេសលីបង់

លោកត្រាំ បាននិយាយថា លោកបានជូនដំណឹងដល់រដ្ឋាភិបាល លីបង់ថាយន្តហោះអាម៉េរិកចំនួន ៣គ្រឿងកំពុងធ្វើដំណើរដោយមានការផ្គត់ផ្គង់វេជ្ជសាស្រ្ត។ លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយលីបង់ក្នុងការស៊ើបអង្កេតអំពីឧប្បត្តិហេតុនេះ។

សូមជម្រាបថា ទីក្រុងបេរូត ត្រូវបានវាយប្រហារដោយការផ្ទុះដ៏ធំមួយកាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះ ដោយបានសម្លាប់មនុស្សយ៉ាងតិច១៥៨នាក់ និងរងរបួសជាង .០០០នាក់ផ្សេងទៀត ខណៈដែលសាកសពជាច្រើនមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។ការខូចខាតគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងចំពោះទីក្រុងនេះ ដោយអគាររាប់សិបត្រូវបានខូចខាត ឬត្រូវបានបំផ្លាញទាំងស្រុងដោយសារគ្រោះថ្នាក់នេះ។

បើយោងតាមអាជ្ញាធររបស់ទីក្រុងមួយនេះ ក៏បានឱ្យដឹងថា ការផ្ទុះនេះបណ្តាលមកពីសារធាតុអាម៉ូញ៉ូមនីត្រាចំនួន .៧៥០តោនដែលត្រូវរឹបអូសដោយសេវាកម្មគយក្នុងឆ្នាំ ២០១៤ ហើយបានរក្សាទុកនៅក្នុងកំពង់ផែនេះចាប់តាំងពីពេលនោះមក។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសជាច្រើន បានផ្តល់ជំនួយដល់ប្រទេសលីបង់ដើម្បីដោះស្រាយផលវិបាកនៃការផ្ទុះនេះ៕

ដោយ៖ស តារា


ចែករំលែក៖