ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ ត្រូវបានជនជាតិចិនដូចគ្នាមួយក្រុម បានធ្វើសកម្មភាពចាប់ជំរិតនាង នៅក្នុងសណ្ឋាគារយីហោ” Rumduol Grand Hotel “ ដែលមានកម្ពស់ ១២ជាន់ ពេលជនរងគ្រោះយកភួយនិងកម្រាលពូកមកចងធ្វើខ្សែ ដើម្បីលួចរត់តាមបង្អូច ជនសង្ស័យដឹងទាន់ក៏ប្រើឡាមកាត់ធ្លាក់ពីជាន់ទី៦ បណ្ដាលឲ្យរងរបួសធ្ងន់ ។ ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានដឹកនាំកម្លាំងចុះជួយធ្វើអន្តរគមន៍ ជាក់ស្តែងឃាត់ខ្លួនជនជាតិចិន៣នាក់ និងបញ្ជូនជនរងគ្រោះទៅសង្គ្រាះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះជីវិត ។
ករណីចាប់ជំរិតខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅសណ្ឋាគារ Rumduol Grand Hotel បន្ទប់លេខ៦០៣ ជាន់ទី៦ តាមបណ្តោយផ្លូវលេខ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៍មានពីអាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា ករណីនេះ គឺជាករណីចាប់ជំរិត ព្រោះក្រោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៣នាក់នេះ ពួកគេបានសារភាពថា ខ្លួនពិតជាបានចាប់ជំរិតស្រ្តីរងគ្រោះប្រាកដមែន ហើយនៅពេលដែលនាងព្យាយាមលួចរត់តាមបង្អួត ពួកគេក៏ប្រើឡាមកាត់ខ្សែធ្វើឲ្យនាងធ្លាក់ពីជាន់ទី៦ រងរបួសធ្ងន់តែម្តង ។
អាជ្ញាធរខណ្ឌដូនពេញ បន្តថា ក្នុងប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីស្រាវជ្រាវតាមជំនាញដោយធ្វើការឆែកឆេរទីតាំងមួយនេះ រួចមកគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សម្រេចបិទទីតាំងមួយនេះបណ្ដោះអាសន្នមិនឲ្យដំណើរការនោះទេ ។ ចំណែកឯជនសង្ស័យចំនួន៣នាក់ ដែលជាជនជាតិចិន រួមទាំងភ្ញៀវដែលចូលមកស្នាក់នៅសណ្ឋាគារនេះ ត្រូវបានប្រគល់ឲ្យទៅកម្លាំងនគរបាលជំនាញខណ្ឌ យកទៅសាកសួរតាមនីតិវិធី ។
ដោយឡែកលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានប្រាប់អង្គភាព«នគរដ្រេហ្គន» តាមទូរស័ព្ទថា៖ រឿងនៅខណ្ឌដូនពេញយើងមិនទាន់ធ្វើការសន្និដ្ឋាន កំណត់ជារឿងអ្វីពិតប្រាកដនៅឡើយទេ ខណៈកំពុងឱ្យមន្ត្រីជំនាញពិនិត្យ និងធ្វើកំណត់ហេតុសួរជនសង្ស័យ ហើយចំពោះលទ្ធផលបែបណា លោកនឹងបញ្ជាក់ជូនបន្ថែមទៀត។ លោកស្នងការបន្តថា៖ ទុកមន្ត្រីនគរបាលយុត្តិធម៍ និងជំនាញធ្វើការសិន ។
គួរបញ្ជាក់ថា បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ គេបានឃើញស្ត្រីជនជាតិបរទេសខាងលើ រួមជាមួយនឹងបុរសជនជាតិចិន ២នាក់ទៀត បាននាំស្ត្រីជនជាតិចិនរូបនេះចូលក្នុងសណ្ឋាគារខាងលើ ដោយមានការទាញប្រតាយប្រតប់គ្នាផងដែរ ហើយបាននាំចូលទៅក្នុងសណ្ឋាគារបាត់ទៅ ។ លុះមកដល់វេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃដដែល គេបានឃើញស្រ្តីរងគ្រោះ បានយកភួយនិងកម្រាលពូកចងជាប់គ្នា ដើម្បីទម្លាក់ខ្លួនចុះមកខាងក្រោម ស្រាប់តែពេលនោះ ធ្លាក់ចុះមកខាងក្រោមបណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។
បច្ចុប្បន្នជនសង្ស័យ៣នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បញ្ជូនទៅឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីសាកសួរស្វែងរកបក្ខពួក ។ ចំណែកជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ មហាជនជាច្រើនបានលើកជាចង្ងល់ថាសណ្ឋាគារមួយទាំងមូលត្រូវតែមានសន្ដិសុខនិងកាមេរាសុវត្តិភាពដើម្បីការពារសុវត្តិភាពរបស់អតិថិជន៕
ដោយ៖រ៉ារ៉ា