ព័ត៌មានទាន់ហេតុការណ៍៖

ចូលហូបគុយទាវមួយភ្លែតចេញមកវិញបាត់ម៉ូតូ តែសំណាងល្អត្រូវនគរបាលឃាត់ខ្លួនជនសង្ស័យបាន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ចូលហូបគុយទាវមួយភ្លែតទុកម៉ូតូលើចិញ្ចើមផ្លូវដោយមិនបានដកកូនសោចេញ លុះហូបរួចចេញមកវិញស្រាប់តែបាត់ម៉ូតូ ផ្អើលដល់សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីព្រឹក ស្ថិតក្នុងភូមិស្វាយរមៀត ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ 

   មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះច្រឹក ផាន់នោ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តដឹកដី មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ផយ ផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ ដោយឡែកវត្ថុតាងដកហូតបានមានម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY-i ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AI- 3870 (របស់ជនរងគ្រោះ)។

     ប្រភពដដែលបន្តថា កាលពីថ្ងៃទី១១  ខែសីហា​ ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីព្រឹក ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ម៉ាកHONDASCOOPY-i ពណ៌ស ចេញពីផ្ទះ​មកហូបគុយទាវ នៅផ្ទះរបស់ឈ្មោះ វុន រ៉ា។ ពេលទៅដល់ ជនរងគ្រោះបានទុកម៉ូតូលើចិញ្ចើមផ្លូវខាងមុខផ្ទះ ដោយទុកកូនសោជាប់នឹងម៉ូតូ  ហើយដើរចូលទៅហូបគុយទាវនៅក្នុងផ្ទះ​ លុះហូបរួចចេញមកវិញស្រាប់តែបាត់ម៉ូតូ ក៏ផ្អើលឆោឡោ រួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយរមៀត ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះចូរ៉ាម និងប៉ុស្តិ៍តាឯក បានចេញស្ទាក់តាមគោលដៅទើបជនសង្ស័យជិះម៉ូតូត្រលប់មកក្រោយវិញ ហើយយកម៉ូតូទៅលាក់ទុកក្នុងព្រៃត្រែង នៅភូមិទ្រាំងលើ ឃុំតាឯក ប៉ុន្តែសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាឯកឃើញក៏ឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាង បញ្ជូនមកអធិការ ដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល អនុវត្តតាមនីតិវិធីតែម្ដង៕ដោយ៖ស្អាងជ័យ


ចែករំលែក៖