អន្តរជាតិ៖ ដោយឈរលើគោលការណ៍នៃការគោរពឯកជនភាពរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន Facebook បានបដិសេធសំណើបញ្ចេញឯកសារពាក់ព័ន្ធរបស់មេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា ដែលរងការចោទប្រកាន់ និងសង្ស័យថាបានប្រព្រឹត្តបទល្មើសប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
បើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters នៅចុងសប្តាហ៍មុនបាននិយាយថា ក្រុមហ៊ុនបណ្តាញសង្គមពិភពលោក Facebookមួយនេះបានទទូចតុលាការអាមេរិកបដិសេធការទាមទារ និងសំណើរបស់ប្រទេសហ្គំបី ដោយអះអាងថា បានបំពាននឹងច្បាប់អាមេរិកស្តីពីសេវាប្រើប្រាស់ទូរគមនាគមន៍ និងសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់ផង។ ក្រុមហ៊ុន បញ្ជាក់ថាសំណើនេះ មានលក្ខណៈទូលាយពេក ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិក្នុងការប្រើប្រាស់ដោយគ្មានដែនកំណត់របស់គណនីអ្នកប្រើប្រាស់ផង។
សូមជម្រាបថា ក្រុមហ៊ុន Facebook មិនអាចបំពេញតាមការចង់បានក្នុងការបញ្ចេញឯកសារកិច្ចសន្ទនាផ្សេងៗរបស់មេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា ដែលបានធ្វើឡើងតាមបណ្តាញសង្គមដ៏មានឥទ្ធិពលមួយនេះបានឡើយ។ ដោយសំណើរបស់ក្រុមមេធាវីតំណាងប្រទេសហ្គំប៊ី ដែលធ្វើឡើងតាមរយៈតុលាការរបស់អាមេរិក ចង់បានឯកសារពាក់ព័ន្ធនេះ គឺដើម្បីជាភស្តុតាងសម្រាប់ដាក់បន្ទុកអ្នកពាក់ព័ន្ធប្រព្រឹត្តបទល្មើសប្រល័យពូជសាសន៍នៅមីយ៉ាន់ម៉ា។
ជាមួយគ្នានេះ ក្រុមហ៊ុន Facebook ក៏បានប្រកាសមិនគាំទ្រការប្រើប្រាស់អំពើហិង្សា និងបទល្មើសប្រឆាំងមនុស្សជាតិដូចគ្នាផងដែរ។ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Facebook បានប្រកាសជំហរនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិតាមលទ្ធភាពដែលអាចធ្វើបាន។
បើតាមសាវតារនៃសំណុំរឿងនេះបន្តិចថា នៅខែមិថុនាកន្លងទៅ ក្រុមមេធាវីតំណាងឲ្យប្រទេសហ្កំប៊ី បានស្នើក្រុមហ៊ុន Facebook តាមរយៈតុលាការក្រុងអាមេរិក ដើម្បីបញ្ចេញឯកសារ និងកិច្ចសន្ទនាពាក់ព័ន្ធ ដែលធ្វើឡើងតាមរយៈបណ្តាញសង្គមមួយនេះរបស់មន្ត្រីយោធា និងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាផ្សេងទៀត ដែលរងការសង្ស័យប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ានាពេលកន្លងទៅ។
គួរបញ្ជាក់ថា សំណើរបស់ក្រុមមេធាវីប្រទេសហ្កំប៊ី ធ្វើឡើងបន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីបង្គាប់បញ្ជាមួយតាមបណ្តឹងរបស់ប្រទេសហ្គំបីដោយបានឲ្យមីយ៉ាន់ម៉ាបញ្ឈប់សកម្មភាពពាក់ព័ន្ធការធ្វើទុក្ខបុកម្នេញប្រឆាំងនឹងជនជាតភាគតិចរ៉ូហ៊ីងយ៉ា និងរក្សាវត្ថុតាងផ្សេងៗនៅក្នុងកន្លែងកើតហេតុកុំឲ្យបាត់បង់ ក៏ដូចជាធ្វើរបាយការណ៍វិវត្តន៍នៅក្នុងតំបន់មានបញ្ហាជាប្រចាំទៅកាន់តុលាការពិភពលោកមួយនេះផង៕ ដោយ៖ស តារា