ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសនិងនារីជាប្ដីប្រពន្ធពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីម៉ូតូមួយគ្រឿងធ្វើដំណើរមកត្រង់និងមួយគ្រឿងទៀតបានបត់ត្រឡប់ក្រោយ ក៏ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះដែរបង្កឲ្យការភ្ញាក់ផ្អើលនៅវេលាម៉ោង ៩និង២០នាទី យប់ថ្ងៃ ទី១៦ខែ មីនា ឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លាសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបាន ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម២០១៧ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំ ពេញ1Gh-0059 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុក៏បត់ឆ្លងផ្លូវត្រឡប់ ក្រោយបានបន្តិច ស្រាប់តែពេលនោះគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់២០២២ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ចាម 1AC-4328 ជិះមានគ្នាពីរនាក់ប្តីប្រពន្ធធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជើងមកត្បូងបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿនរួចទៅបុកគ្នាពេញទំហឹងចំទទឹងបណ្តាល ឲ្យអូសជាមុខជាច្រើនម៉ែត្រកៀជាប់គ្នាបណ្តាលឲ្យបុរសរងគ្រោះបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកភាគីពីរនាក់ប្តីប្រពន្ធរងរបួសធ្ងន់ធ្ងរទាំងពីរ នាក់សន្លប់ស្តូកស្ដឹង ភ្លាមៗសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ទាក់ទងហៅរថយន្ត សង្គ្រោះ៧១១កងពលតូចលេខ៧០មកដឹកយកជំងឺពីរនាក់ប្រពន្ធខាងលើទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងខាងសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែងម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ។ ចំណែកសពសមត្ថកិច្ចរកសាច់ញ្ញាតិមិនទាន់ឃើញ ក៏ប្រគល់សពអោយរថយន្ដសាមុយដឹកទៅតម្កល់ទុកនៅវត្តសំបូរមាសដើម្បីរង់ចាំសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ