ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកក្រុមល្ខោនបាសាក់ដាច់ហ្វ្រាំង ពេលចុះកំពង់ចម្លងបណ្ដាលឱ្យមនុស្ស១៨នាក់រងរបួស

ចែករំលែក៖

ខេត្តក្រចេះ៖ សមាជិកវង់ល្ខោនបាសាក់ប្រុសស្រីចំនួន ១៨នាក់ក្នុង ចំណោម២៦ នាក់ បានរងរបួសស្រាលនិងធ្ងន់ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ក្នុងករណីរថយន្តដាច់ហ្វ្រាំងក្នុងពេលចុះកំពង់ចម្លង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង នៅចំណុចកំពង់ចម្លងឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។

លោក ប៊ុន នឿន អធិការនគរបាលស្រុកចិត្របុរី បានឱ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ដោយសាររថយន្តក្រុមល្ខោនបានដាច់ហ្វ្រាំង បានបង្កឲ្យមនុស្សចំនួន ១៨ បានរងរបួស ក្នុងនោះមានមនុស្សចំនួន ៣ នាក់បានរងរបួស ធ្ងន់និងបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តក្រចេះភ្លាមៗ។

លោកអធិការបានបន្តថា ក្នុងករណីខាងលើនេះដោយ មានការបញ្ជាផ្ទាល់ពី លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ រួមជាមួយលោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះជួយនិងចាត់ចែងបញ្ចូនអ្នករបួសទៅសម្រាកព្យាបាល និងដោះស្រាយលើកដាក់សម្ភារនានាបានទាន់ពេល។

ក្រោយពេលកម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះនិងបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានចុះសួរសុខទុក្ខដល់ជនរងគ្រោះដល់មន្ទីរពេទ្យបង្អែកនៅរសៀលថ្ងែទី ១៦ ខែ មីនា ឆ្នាំ ២០២៥ ៕

ដោយ៖ សូរិយា


ចែករំលែក៖