ព័ត៌មានទាន់ហេតុការណ៍៖

តារាបូលីវុតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) បានផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា ជូនដល់ពិភពលោក

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក GAGAN Malik តារាបូលីវុតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) បានផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមកទស្សនាកម្សាន្ត ប្រកបដោយសុខសុវត្ថិភាព ជូនដល់ពិភពលោក។

សូមបញ្ជាក់ថា ៖ លោក Gagan Malik ( ហ្គាហ្កាន ម៉ាលីក ) ជាតារាសម្ដែង ប៊ូលីវូត លោកធ្លាប់បានសម្ដែងដើរតួជា « ព្រះពុទ្ធ » ។ ការមកដល់ប្រទេសកម្ពុជាយើង គឺជា លើកទី ១របស់គាត់ វត្តមានលើកទី ១ នៅ លើទឹកដីកម្ពុជា កន្លងទៅនាសប្តាហ៍ទី៣ នៃខែមីនា ឆ្នាំ២០២៤ លោក Gagan Malik និងក្រុមការងារបាន អញ្ជើញមក ខេត្តសៀមរាបដើម្បីទស្សនា ប្រាសាទអង្គរវត្ត និងបាន អញ្ជើញចូលមក វត្តរាជបូណ៌ ក្រាបថ្វាយបង្គំសម្ដេច  ព្រះព្រហ្ម រតនមុនី សិរីសុវណ្ណោ ពិនសែម ដើម្បីសម្ដែងនូវការគោរព និងការគួរសម ដែលលោកបានមកដល់ប្រទេសកម្ពុជា យើង ។

សូមជម្រាបថា ៖ កម្ពុជាជាទឹកដីសុវណ្ណភូមិ ជាពិសេសខេត្តសៀមរាប ជាខេត្តតំបន់ទេសចរណ៍ ដ៏មានឥទ្ធិពល តាមរយះ ប្រាសាទអង្គរវត្ត មានភាពល្បីល្បាញ លើសកលលោក និងប្រាសាទរាប់ពាន់ ដែលបុព្វបុរសខ្មែរជំនាន់បានកសាង ចារិក ទុកជាកេរដំណែលដ៏មានតម្លៃរបស់ជាតិ ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា៖ ព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈវត្ថុដ៏មហស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា និងជាសម័យកាលដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ។  ប្រាសាទអង្គរវត្ត គឺជាសំណង់ស្ថាបត្យកម្មគ្មានពីរលើលោក និងជាសំណង់ស្ថាបត្យកម្មបែបហិណ្ឌូដែលធំជាងគេលើពិភពលោក ដែលបានបង្ហាញអំពីស្នាដៃដ៏ល្អល្អះ រចនាប្ម័ថឥតខ្ចោះ និងជានិមិត្តរូបនៃអត្តសញ្ញាណរបស់កម្ពុជា ។ ប្រាសាទអង្គរវត្ត នៅតែបន្តជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា និងលើសកលលោក ដែលពោរពេញដោយភាពអស្ចារ្យ ដោយនាខែមីនានេះ នឹងមានព្រឹត្តិការណ៍អយនកាល ឬសមរាត្រី ( Equinox ) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ដោយព្រះអាទិត្យនឹងរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ។

សូមកោតសរសើរដល់ផលិតករ ដែលបានផលិតវីដេអូបង្ហាញពីភាពអស្ចារ្យនៃប្រាង្គប្រាសាទអង្គរវត្ត ដោយប្រៀបបាននឹងឋានសួគ៌នាពេលព្រឹកព្រលឹម ។

លោក GAGAN Malik តារាបូលីវុតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) បានអញ្ជើញមកម្តងទៀត ជាមួយវត្តមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផ្តល់កិត្តិយសដល់គាត់ ក្នុងដំណើរកម្សាន្តមកកាន់ប្រាសាទអង្គរវត្ត។ ដូច្នេះទើបលោកស្រឡាញ់ទឹកដីកម្ពុជា ផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមកទស្សនាកម្សាន្ត ប្រកបដោយសុខសុវត្ថិភាព ជូនដល់ពិភពលោក ៕ 

ដោយ ៖ សិលា


ចែករំលែក៖