ខេត្តកំពង់ចាម ៖ លោកវរសេនីយ៍ត្រី រ៉េត ចាន់លី អធិការរងនគរបាលស្រុកកងមាស បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់(រ៉ាវ លូស្បៃមុង)នៅតាមបណ្ដោយទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
ការបង្ក្រាបធ្វេីឡេីងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដែលវត្ថុតាងរឹបអូសបានខាងលើ ជំនាញបានកាប់បំផ្លាញនិងដុតចោលនៅនឹងកន្លែងតែម្ដង ។
លោកវរសេនីយ៍ត្រី រ៉េត ចាន់លី បានប្រាប់ឱ្យដឹងថា ក្រោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមភ្លាម លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស បានចាត់កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង និងកម្លាំងប្រជាការពារ ដឹកនាំដោយរូបលោកផ្ទាល់បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់(រ៉ាវ លូស្បៃមុង)នៅតាមបណ្ដោយមាត់ទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
លោកបញ្ជាក់ថា ឧបករណ៍នេសាទល្មេីសច្បាប់ដែលចាប់យកបានរួមមាន ៖
រ៉ាវចំនួន៣៤មាត់ របាំងព្រួលចំនួន៣០០ម៉ែត្រ ស្បៃមុងចំនួន៣២មាត់ របាំងព្រួលចំនួន២៥០ម៉ែត្រ បង្គោល២០០ដើម ចំណែកកូនត្រីត្រូវបានលែងចូលក្នុងទន្លេវិញមានចំនួន៥០គីឡូក្រាម។
លោកបន្តថា ចំពោះវត្ថុតាងដែលរឹបអូសបានខាងលើ ជំនាញបានកាប់បំផ្លាញ និងដុតចោលនៅកន្លែងកើតហេតុ ដោយមានការឯកភាព ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមផងដែរ៕ ដោយ ៖ វណ្ណៈ