ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារមួយដែលមានឈ្មោះថា កណ្តាលសួនច្បារ ស្ថិតក្នុងសង្កាត់ចតុមុខ មានករណីបង្ក្រាបជនជាតិចិនជាច្រើននាក់ ពាក់ព័ន្ធករណីជំរិតប្រាក់ ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយមានការណែនាំចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង បានចុះបង្ក្រាបជនជាតិចិនមួយក្រុម ដោយឃាត់ខ្លួនជនជាតិចិនបានចំនួន២៩នាក់ (ស្រី៣នាក់)។
ប្រតិបត្តិការមួយនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា ក្រុមជនសង្ស័យទាំងនេះជាប់ពាក់ព័ន្ធករណីចាប់ជំរិតយកប្រាក់ពីជនជាតិចិនដូចគ្នា ដោយក្នុងនោះសមត្ថកិច្ចរំដោះបានជនរងគ្រោះចំនួន៣ នាក់។
បច្ចុប្បន្ន សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងសួរនាំជនសង្ស័យដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ ចន្ទ លិហ្សា