អន្តរជាតិ៖ នៅមុននេះបន្តិច យប់ថ្ងៃទី១២ខែសីហា មានរថភ្លើងមួយគ្រឿងបានធ្លាក់កង់ចេញពីផ្លូវស្ថិតនៅតំបន់ Stonehaven ភាគខាងកើតប្រទេដស្កុតឡែន។
ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ទទួលបានការហៅទូរស័ព្ទពីពលរដ្ឋនៅក្នុងតំបន់ ស្តីពីរថភ្លើងធ្លាក់កង់ចេញពីផ្លូវ ហើយអាចនឹងមានអ្នកស្លាប់និងរបួសជាច្រើន។ ភ្លាមៗនោះកម្លាំងជួយសង្គ្រោះដែលមានឧទ្ធម្ភាគចក្រ និងរថយន្តសង្គ្រោះបន្ទាន់ដល់ទៅ២៥គ្រឿងបានទៅកាន់កន្លែងកើតហេតុ។
រូបភាពបង្ហោះនៅលើបណ្តាញសង្គមបង្ហាញឲ្យឃើញថា រថយន្តជួយសង្គ្រោះនិងរថយន្តប៉ូលិស ២៥គ្រឿងរួមទាំងឧទ្ធម្ភាគចក្របានទៅដល់កន្លែងកើតហេតុ។ ជាមួយគ្នានោះគេមើលឃើញផ្សែងចេញពីព្រៃតំបន់ដែលរថភ្លើងធ្លាក់កង់ចេញពីផ្លូវដែក។
ស្រុក Stonehavenស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតស្កុតឡែន និងស្ថិតនៅភាគខាងត្បូងទីក្រុង Aberdeen ដែលសម្បូរទៅដោយធនធានរ៉ែធម្មជាតិ។
នៅពេលនេះគេមិនទាន់មានព័ត៌មានណាមួយស្តីពីការស្លាប់ឬរងរបួសនៅឡើយទេ ហើយមូលហេតុបណ្តាលឲ្យមានហេតុការណ៍គ្រោះថ្នាក់ខាងលើ ក៏មិនទាន់ដឹងនោះដែរ។ ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាននគរវត្តនឹងតាមដានបន្ថែមទៀតបើមានអ្វីប្រែប្រួលពាក់ព័ន្ធករណីគ្រោះថ្នាក់នោះ៕ដោយ៖ធី រីណា