អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ពលរដ្ឋអាមេរិក នឹងត្រូវរៀនភាសាចិនប្រសិនបើ លោកចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។
លោកត្រាំបញ្ជាក់ថា បេក្ខភាពចូបៃឌិន ពិតជាទន់ជ្រាយចំពោះចិន បើទោះបីពេលឃោសនាបោះឆ្នោតលោកបៃឌិនបង្ហាញពីភាពរឹងមាំមុឺងម៉ាត់ចំពោះទីក្រុងប៉េកាំងក្តី។
លោកត្រាំបានលើកឡើងថា«អ្វីដែលពួកគេ(ក្រុមបេក្ខភាពប្រធានាធិបតីបៃឌិន)និងចិនកំពុងតែរង់ចាំនោះគឺ ការយកឈ្នះមកលើរូបខ្ញុំក្នុងពេលបោះឆ្នោត ហើយចិននិងគ្រប់គ្រងអាមេរិក»។ លោកត្រាំបន្តទៀតថា «បើខ្ញុំមិនជាប់ឆ្នោតចិននិងគ្រប់គ្រងអាមេរិក ហើយពលរដ្ឋអាេមរិក ត្រូវរៀនភាសាចិន។
នៅពេលនេះដែរ បេក្ខភាពប្រធានាធិបតី ចូបៃឌិន បានថ្កោលទោសយ៉ាងខ្លាំងដល់ លោកត្រាំ ពីការលើកឡើងបញ្ហាខាងលើ ។
លោក Andrew Bates អ្នកនំាពាក្យក្រុមឃោសនាបោះឆ្នោតរបស់លោក ចូបៃឌិន បានលើកឡើងថា«ដោយសារតែការបរាជ័យរបស់លោកត្រាំទើបធ្វើឲ្យចិនកាន់តែខ្លាំង ហើយអាមេរិកកាន់តែធ្លាក់ចុះ ។ ចំពោះចិន លោកត្រាំគឺជាប្រធានាធិបតី ដែលទន់ខ្សោយបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក»។
ក្នុងពេលវិបត្តិសុខាភិបាលអាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមក លោកត្រាំបែជាផ្សព្វផ្សាយ ទម្លាក់ទៅលើចិន ដើម្បីការពារខ្លួន ដែលមិនមានសកម្មភាព ណាមួយទប់ស្កាត់នោះឡើយ។
លោក Andrew Bates បន្តទៀតថា លោកត្រាំបានបន្សល់ទុកនៅចន្លោះប្រហោងឥទ្ធិពលយ៉ាងធំនៅលើពិភពលោក ហើយចិនបានចូលទៅបំពេញចន្លោះប្រហោងនោះ។ ទាំងនោះហើយគឺជាហេតុផលដែលមន្ត្រីចិនជាច្រើន បង្ហាញការគាំទ្របើកចំហ ដល់លោកត្រាំ ៕ដោយ៖ធី រីណា