ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីច្រានចោលការមន្ទិលសង្ស័យ ពីកម្រិតសុវត្ថិភាព វ៉ាក់សាំងប្រឆាំងកូវីដ-១៩

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បានបញ្ជាក់ថា ការមន្ទិលសង្ស័យពីវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់រុស្ស៊ី ថាគ្មានសុវត្ថិភាព គឺជារឿងមិនត្រឹមត្រូវ មិនមានភស្តុតាង និងជាការប្រកួតប្រជែងមិនត្រឹមត្រូវ។
សារព័ត៌មាន Interfax បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីដែលបានបញ្ជាក់នៅថ្ងៃទី១២ខែសីហានេះថា ការចោទប្រកាន់មកលើវ៉ាក់សាំងរុស្ស៊ី ចាប់ផ្តើមចេញពីការប្រកួតប្រជែងនៅលើទីផ្សារតែប៉ុណ្ណោះ។ ការបំផុសបំផុលថា វ៉ាក់សាំងរុស្ស៊ីមិនមានសុវត្ថិភាពគឺគ្មានភស្តុតាងឡើយ។
ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានប្រកាសកាលពីថ្ងៃទី១១ខែសីហាថា រុស្ស៊ីគឺជាប្រទេសទីមួយនៅលើពិភពលោក ដែលមានលិខិតទទួលស្គាល់ក្នុងការផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩។
នៅថ្ងៃទី១២ខែសីហា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក Jens Spahn ក៏បានបង្ហាញពីការមន្ទិលសង្ស័យ ក្រោយរុស្ស៊ីក្លាយជាប្រទេសទីមួយលើពិភពលោក មានលិខិតអនុញ្ញាតទៅលើវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលរុស្ស៊ី ប្រកាសកំណត់ពេលវេលាបង្ហាញវ៉ាក់សាំងដំបូងជាសាធារណៈ។

នៅថ្ងៃទី១២ខែសីហា រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បានបញ្ជាក់ថា ក្នុងរយៈពេល២សប្តាហ៍ខាងមុខ ឡូវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំបូងបង្អស់នឹងបង្ហាញជាសាធារណៈ ហើយការចាក់ថ្នាំនេះគឺជាការស្ម័គ្រចិត្តទាំងអស់។ លោកបន្តទៀតថា វ៉ាក់សាំងនេះនឹងលក់ទៅលើទីផ្សារក្រៅប្រទេស ប៉ុន្តែពេលនេះយើងផ្តល់អាទិភាពទៅលើពលរដ្ឋរុស្ស៊ីជាមុន៕ដោយ៖ធី រីណា


ចែករំលែក៖