ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ក្រោយពីបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីរូបគេជិះម៉ូតូមួយគ្រឿងជ្រុលទៅបុករថយន្តឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចស្តុបសាលាបឋមសឹក្សាទួលគោក តាមបណ្ដោយផ្លូវ ២៨៩ កែងនិង ផ្លូវ៥៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះ លាត នឿន ភេទប្រុសអាយុ៣០ ឆ្នាំជាង មុខរបរកាត់ដេរ ថ្នាក់នៅម្ដុំទួលគោក មានស្រុកកំណើត ភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តម៉ាកនីសាន់មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AN-8344ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងទៅផ្លូវ៥៦៧ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1G-4305ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីត្បូងទៅជើងចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកចំហៀងរថយន្តផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែអកុសលជនរងគ្រោះរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះមកកន្លែងកើតហេតុវិញ។ ចំណែកតៃកុងរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សពជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ