ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អេីលខ្លាំងមែនទែន ខណៈជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនបានផ្ទុះគ្រាប់កាំភ្លើងបាញ់រះតដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ កាលពីនៅវេលាម៉ោងជាង១០យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀនខាងលេី គឺឃាត់ខ្លួនជនសង្ស័យបាន២នាក់ ក្រោយពីជនសង្ស័យបានផ្ទុះអាវុធចំនួន៥គ្រាប់ ឯសមត្ថកិច្ចបាញ់ការពារខ្លួនចំនួន៣គ្រាប់ ។
ជាមួយគ្នានោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានប្រាប់ក្រុមការងារ (កាសែតនគរវត្ត) ឲ្យដឹងដែរថា៖ ករណីនេះ ជាបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានតាមប្រម៉ាញ់ជនសង្ស័យ តែពួកគេបានបាញ់មកលើសមត្ថកិច្ច ខណៈកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងសមត្ថកិច្ចមូលដ្ឋានកំពុងឡោមព័ទ្ធ ជាមួយវិធានប្រុងប្រយ័ត្នបំផុត ។
បច្ចុប្បន្ន ជនសង្ស័យចំនួន២នាក់ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានជំនាញគ្រប់ផ្នែក ត្រូវបានឃាត់ខ្លួនបញ្ចូនទៅធ្វេីការសាកសួរនៅមន្ទីប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដេីម្បីបន្តស្វែងរកបក្ខពួកយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ