ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការរងនាំមនុស្ស២នាំទៅបន្តនីតិវិធី ពាក់ព័ន្ធករណីទំនាស់ដីធ្លី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃពុុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ គេឃើញក្រុមមន្រ្តីនគរបាលមួយហ្វូងដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី ប៉ែន ទុង ស្នងការរងទទួលផែនសន្ថិសុខនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ឃាត់និងនាំខ្លួនមនុស្សចំនួន២នាក់ដើម្បីយកទៅបន្តនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។

 ហេតុការណ៍ឃាត់ខ្លួនមនុស្សប្រុសស្រីពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លី(រំលោភដីរដ្ឋ)ខាងលើ ធ្វើឡើងនៅចំណុចអូរសសរ ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 សេចក្ដីរាយការណ៍នានានៅកន្លែងកើតហេតុបានលើកឡើងស្រដៀងគ្នាថា ជនសង្ស័យប្រុសស្រីដែលត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននោះ ទី១ -ឈ្មោះ ប៉ាន វុធ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី២-ឈ្មោះ ហុី ធឿន ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំបច្ចុប្បន្ន ភូមិព្រៃធំ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។

 ប្រភពព័ត៌មានដដែលបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង ២នាក់ខាងលើ បន្ទាប់ពីពួកគាត់តវ៉ាករណីដីធ្លីគ្រាដែលដីតំបន់នោះត្រូវបានចែកជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ហើយពួកគាត់ថាដីនេះទិញគេទេ ពុំមែនរុករានទន្រ្ទានដីព្រៃរបស់រដ្ឋនោះឡើយ ប៉ុន្តែខាងអាជ្ញាធរមានសមត្ថកិច្ចថាដីនេះជាដីរដ្ឋ។ ក្នុងទំនាស់នេះបានធ្វើឱ្យមានការចម្រូងចម្រាសគ្នាយ៉ាងតឹងសរសៃ.ក បើទោះជាខាងអាជ្ញាធរមានសមត្ថកិច្ចមានដំណោះស្រាយជូនពួកគាត់ខ្លះក៏ដោយក៏ពួកគាត់ពុំព្រមដែរ។ ដោយសារការសម្របសម្រួលគ្នាមិនត្រូវរ៉ូវស្ដាប់គ្នាពុំបាន ទើបឈានដល់ការនាំខ្លួនយកទៅបន្តនីតិវិធីតែម្តង៕ ដោយ៖ បុឹម ពិន


ចែករំលែក៖