កីឡាអន្តរជាតិ៖ ក្លិប Barcelona បានប្រកាសថា សមាជិកក្រុមមិនបញ្ចេញឈ្មោះម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ សមាជិកក្រុមម្នាក់នោះ គឺជាអ្នកឆ្លងក្នុងចំណោម៩នាក់កាលពីហ្វឹកហាត់មុនបើករដូវកាល ប៉ុន្តែអ្នកឆ្លងម្នាក់នេះមិនមានអាការធ្ងន់ធ្ងរនោះទេ ហើយគាត់ត្រូវបានគេដាក់ឲ្យនៅក្នុងផ្ទះរបស់គាត់ ដាច់ដោយឡែកពីគេ។
ដូចគ្នានេះផងដែរកាលពីថ្ងៃពុធក្រុម Athletic Bilbao បាននិយាយថាកីឡាករ៦នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅពេលដែលពួកគេវិលត្រឡប់ទៅហ្វឹកហាត់មុនបើករដូវកាល។
ចំណែកក្លិប Valencia បានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ-១៩ចំនួន២រូបនៅសប្តាហ៍នេះ ខណៈដែលក្លិប Atletico Madrid បានរាយការណ៍ពីការធ្វើតេស្តវិជ្ជមានចំនួន២នាក់ដែរមុនពេលការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League របស់ពួកគេ។
ក្លិប Barcelona បានចេញសេចក្តីថ្លែងការណ៍ថា កីឡាកររបស់ពួកគេមិនបានទាក់ទងជាមួយកីឡាករណាមួយទេនៅពេលដែលធ្វើតេស្តវិជ្ជមាន ខណៈដែលកីឡាករធ្វើដំណើរទៅទីក្រុងលីសបោនកាលពីថ្ងៃព្រហស្បតិ៍ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League របស់ពួកគេ។
ដោយសារតែការរីករាលដាលនៃជំងឺឆ្លងនេះការប្រកួតក្របខ័ណ្ឌ Champions League កំពុងបញ្ចប់ជាមួយនឹងការប្រកួត៨ចុងក្រោយនៅទីក្រុងលីសបោនដែលរួមមានទាំងការប្រកួតដោយបិទទ្វារផងដែរ។
ក្រុម Barcelona នឹងប្រកួតជាមួយក្រុម Bayern Munich នៅថ្ងៃសុក្រមួយថ្ងៃបន្ទាប់ពីក្រុម Atletico Madrid ត្រូវជួបជាមួយក្រុម RB Leipzig ។
សូមបញ្ជាក់ថា ក្លិបបារាំង PSG បានកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្រោយពីឈ្នះក្រុម Atalanta ក្នុងលទ្ធផល២ទល់១ កាលពីយប់មុិញ។ ក្រុម Atalanta មានឱកាសរកគ្រាប់បាល់១គ្រាប់នាំមុខមុននៅនាទីទី២៦ ដោយកីឡាករ Pašalić ប៉ុន្តែ ចូលដល់តង់ទី២ជិតចប់ការប្រកួតទៅហើយក្រុម PSG បានវាយសម្រុកយ៉ាងខ្លាំងរហូតដល់នាទីទី៩០កីឡាករ Marquinhos រកបាន១គ្រាប់សងវិញ និងនៅនាទីទី៩០+៣ កីឡាករ Choupo-Moting រកបាន១គ្រាប់ទៀត ធ្វើឲ្យក្រុម PSG ទទួលបានជ័យជម្នះកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង ។ វគ្គប្រកួតជម្រុះ៤ក្រុមចុងក្រោយនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហាខាងមុខ ៕
ដោយ៖ភារៈ