ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯបីនាក់ទៀតរួចផុតជីវិត ខណៈរអិលលិចរថយន្ត

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មន្ត្រីយោធាម្នាក់បម្រើការងារនៅក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ និងមន្ត្រីយោធាចូលនិវត្តន៍ម្នាក់ទៀត បានឈ្លក់ទឹកស្លាប់ភ្លាមៗ នៅក្នុងរថយន្ត ។រីឯបីនាក់ទៀតបានរួចផុតជីវិត ក្នុងករណីបើករថយន្តឆ្លងទឹកកំពុងហូរ ហើយរអិល។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩និង០០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
បើយោងតាមរបាយការណ៍របស់ការិយាល័យទី២ កងពលតូចអន្តរាគមន៍លេខ៨ បានឲ្យដឹងថា ៖ នៅមុនពេលហេតុការណ៍នេះកើតឡើង គេឃើញមានរថយន្តមួយគ្រឿងម៉ាកTACOMA (តាកូម៉ា) ពណ៌ខ្មៅ ស៊េរី2006 ពាក់ស្លាកលេខ ភ្នំពេញ 2.R 7811 ក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងទៅមើលដីចំការស្វាយ របស់លោក ង៉ែត ចាន់ថុន តែដោយសារខ្លួនមិនសូវស្គាល់ភូមិសាស្ត្រ លុះមកដល់ចំណុចកើតហេតុ ក៏បានបើករថយន្តឆ្លងទឹកអូរ ដែលកំពុងហូរ បណ្តាលឲ្យរថយន្ត រអិលទៅទឹកជ្រៅលិច ស្លាប់មន្ត្រីយោធាបម្រើការងារនៅក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ម្នាក់ និងមន្ត្រីយោធាចូលនិវត្តន៍ម្នាក់ទៀត នៅនឹងកន្លែងភ្លាមៗ ។ ចំណែកបីនាក់ទៀតរួចផុតជីវិត ដោយសារតែការវាយបំបែកកញ្ចក់រថយន្តផ្នែកខាងក្រោយ ។
លោកវរសេនីយ៍ទោ ផង់ អឿន នាយការិយាល័យទី២ បានឲ្យដឹងថា ៖ ជនរងគ្រោះទី១-ឈ្មោះ លេង ចាន់ធារា ភេទប្រុស អាយុ២៨ឆ្នាំ មុខងារជំនួយការការិយាល័យកងពលធំអន្តរាគមន៍លេខ៣ ជានាក់បើកបរ(ស្លាប់) រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជំក្សាន្ត ខេត្តព្រះវិហារ។

ទី២-ឈ្មោះ សំ សុង ភេទប្រុស អាយុ៥៤ឆ្នាំ ជាមន្ត្រីយោធាចូលនិវត្តន៍ ម្ចាស់រថយន្ត(ស្លាប់) រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ទី៣ឈ្មោះ តា ខ្មៅ (ហៅតា៨ជ្រុង)(រងរបួសធ្ងន់) ប្រជាជន។
ទី៤-ឈ្មោះ ឃន ឃិ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (របួសស្រាល) ប្រជាជន ។
ទី៥-ឈ្មោះ សុង មេត ភេទប្រុស អាយុ១០ឆ្នាំ (របួសស្រាល) ត្រូវជាកូន របស់នាក់ស្លាប់ ឈ្មោះសំ សុង ។
លោកថា បច្ចុប្បន្នសពជនរងគ្រោះទាំងពីរ ត្រូវបានរថយន្តសាមុយរបស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ដឹកនាំយកទៅកាន់លំនៅឋានរបស់គ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យឧទ្ទិសកុសលទៅតាមប្រពៃណី៕

ដោយ៖ មាស សុផាត


ចែករំលែក៖