ខេត្តកណ្តាល៖ យើងធ្លាប់តែឃើញគេប្រើឥដ្ឋធ្វើពីដីឥដ្ឋ ឬក៏ស៊ីម៉ងត៍ ប៉ុន្តែពេលនេះកូនខ្មែរមួយរូប បានកែច្នៃយកសំណល់សំរាមប្លាស្ទិក ដែលគេបោះបង់ចោលមកផលិតជាដុំឥដ្ឋវិញ។ លោក សុខធី គឺជាម្ចាស់សហគ្រាស នៅក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកបានដាក់ឈ្មោះផលិតផលថាជាឥដ្ឋអេកូឬឥដ្ឋបរិស្ថាន។
លោក សុខ ធី ធ្លាប់បានសិក្សាដកពិសោធន៍បច្ចេកទេសផលិតឥដ្ឋពីក្រៅប្រទេសដូចជានៅប្រទេសម៉ាឡេស៊ី ឥណ្ឌា ថៃ ចិននិងហ្វីលីពីន។ បន្ទាប់មក លោក បានបង្កើតគំនិតផលិតឥដ្ឋអេកូនេះ ដោយទាញចេញពីសំរាមប្លាស្ទិកចាប់ពីឆ្នាំ២០១៩កន្លងទៅនេះ។
អ្វីដែលសំខាន់នោះគឺ សហគ្រាសរបស់លោក សុខ ធី បានសហការជាមួយសាលារៀន និងអាជ្ញាធរមូលដ្ឋាន យកសំណល់សំរាមប្លាស្ទិក ថង់ប្លាស្ទិក កញ្ចប់មី កញ្ចប់នំ ទុយោជ័រ កំប៉ុងជ័រ ប្រអប់បាយ នៅតាមសាលារៀន និងតាមមូលដ្ឋាន ដែលសិស្សានុសិស្ស និងប្រជាសហគមន៍ បានរៀបចំទុកដាក់កាកសំណល់សំរាមពីប្លាស្ទិក ដោយឡែកពីសំរាមផ្សេងទៀត ដើម្បីយកទៅផលិតជាឥដ្ឋបរិស្ថាននេះឡើង។
អតិថិជនមួយចំនួនបានស្គាល់ឥដ្ឋអេកូរបស់លោក សុខ ធី តាមរយៈការបង្ហាញតាមពិព័រណ៍ផលិតផលនាពេលកន្លងមក ហើយបានបញ្ជាទិញមានចំនួនច្រើនដោយលើកចិត្តចំពោះការគិតគូរ និងចូលរួមក្នុងការគ្រប់គ្រងបរិស្ថាន។ លោក សុខ ធី បានបង្ហាញថាម៉ាស៊ីនផលិតដែលសព្វថ្ងៃ មានត្រឹមតែ៤គ្រឿងនិងផលិតដោយប្រើដោយដៃនៅឡើយ។ សហគ្រាសអាចផលិតបានត្រឹមតែ១០០ទៅ២០០ដុំតែប៉ុណ្ណោះដែលមិនទាន់តម្រូវការទីផ្សារនោះទេ។
សូមបញ្ជាក់ថា លោក សុខ ធី មានគម្រោងផលិត សម្ភារសំណង់ផ្សេងទៀត ដូចជាក្បឿង និងឥដ្ឋការ៉ូ ចេញពីសំណល់ប្លាស្ទិកដូចគ្នាជាមួយឥដ្ឋអេកូដែរ ប៉ុន្តែលោកត្រូវការទុនច្រើន និងត្រូវការទិញម៉ាស៊ីនកែច្នៃធុនធំៗ៕
ដោយ៖ សិលា