កូរ៉េខាងជើង៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ កូរ៉េខាងជើងនៅតែគ្មានអ្នកឆ្លង COVID-19 សូម្បីតែម្នាក់ ។ ដូច្នេះតំបន់ឧស្សាហកម្មកែសុង (Kaesong) និងតំបន់ជុំវិញជាប់ព្រំដែនកូរ៉េខាងត្បូង ត្រូវបានសម្រេចបើកទ្វារឡើងវិញហើយ ក្រោយពីត្រូវបានអាជ្ញាធរកូរ៉េខាងជើង សម្រេចបិទទ្វារអស់ ០៣សប្តាហ៍ ដើម្បីទប់ទល់នឹងករណីសង្ស័យ COVID-19 ដាលឆ្លងរាលលើពិភពលោក។
អាជ្ញាធរបិទតំបន់មួយនេះ និងតំបន់ជុំវិញមួយចំនួនទៀត កាលពី៣សប្តាហ៍មុននេះ បន្ទាប់ពីបុរសកូរ៉េខាងត្បូងម្នាក់ ដែលបានធ្វើដំណើរចូលទៅកាន់ទីក្រុង Kaesong ត្រូវបានអាជ្ញាធរកូរ៉េខាងជើងពិនិត្យ និងមានការសង្ស័យថា បុរសនោះមានផ្ទុក COVID-19 ប៉ុន្តែក្រោយការពិនិត្យ និងធ្វើចត្តាឡីស័ក លើបុរសកូរ៉េខាងត្បូងខាងលើនេះជាច្រើនលើក លទ្ធផលបានចេញមក «អវិជ្ជមាន»ទើបបន្តបើកដំណើរការឡើងវិញ។
លោក គីម ជុងអ៊ុន បានចេញសេចក្តីសម្រេចដូចខាងលើនេះ នៅក្រោយការបើកកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ជុំវិញការទប់ស្កាត់វីរុសកូរ៉ូណា មិនឲ្យមានវត្តមាននៅកូរ៉េខាងជើង និងការទប់ទល់គ្រោះទឹកជំនន់។ បច្ចុប្បន្ននេះ កូរ៉េខាងជើងនៅតែអះអាងថា ខ្លួនគ្មានករណីឆ្លង COVID-19 សូម្បីតែម្នាក់។ នេះបើយោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយ៕
ដោយ៖ សិលា