អន្តរជាតិ៖ អាមេរិកបានចាប់នាវាដឹកប្រេង៤គ្រឿងរបស់អ៊ុីរ៉ង់នៅតំបន់សមុទ្រអន្តរជាតិ ដោយចោទប្រកាន់ពីបទ ដឹកជញ្ជូនថាមពលបំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក។
កាលពីថ្ងៃទី១៣ខែសីហា មន្ត្រីអាមេរិក បានបញ្ជាក់ទៅកាន់សារព័ត៌មាន The Wall Street Journalថា អាមេរិកបានចាប់នាវាដឹកប្រេង៤គ្រឿងរបស់អុីរ៉ង់នៅដែនសមុទ្រអន្តរជាតិដែលបានបំពានច្បាប់អន្តរជាតិ។ នាវាដឹកប្រេងរបស់អុីរ៉ង់ មានឈ្មោះ Luna, Pandi, Bering និង Bella ។ សកម្មភាពខាងលើ បង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអាមេរិក នឹងអុីរ៉ង់។
នៅពេលនេះនាវាដឹកប្រេងទាំង៤គ្រឿងរបស់អុីរ៉ង់ដែលអាមេរិកចាប់ពេលនេះកំពុងធ្វើដំណើរទៅកាន់ទីក្រុង Houston រដ្ឋតិចសាស់ ដែលមានកំពង់ផែប្រេងដ៏ធំនៅទីនោះ។ កាលពីខែកក្កដាកន្លងមក អាមេរិកបានស្វែងរកការគាំទ្រពីតុលាការសហរដ្ឋអាមេរិក ដើម្បីចាប់នាវាដឹកប្រេងរបស់អុីរ៉ង់បញ្ជូនទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។
កាលពីថ្ងៃទី១០ខែសីហា ប៉ាគីស្ថានបានចាប់នាវាដឹកប្រេងអុីរ៉ង់មួយគ្រឿងនៅកំពង់ផែទីក្រុងការ៉ាជី តាមសំណើរបស់អាមេរិក។ ប៉ុន្តែអាមេរិកមិនបានប្រកាសបញ្ជាក់ថានាវាអុីរ៉ង់ដែលបញ្ជូនទៅកាន់ទីក្រុង Houston ទាំង៤គ្រឿងនោះតើមានទាំងនាវាដែលចាប់បាននៅប៉ាគីស្ថាននោះដែរឬទេ។
នាវាដឹកប្រេងនៅតំបន់ឈូងសមុទ្រពែក្ស បានក្លាយទៅជាគោលដៅរបស់អាមេរិក ក្រោយពេលអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ ។ រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ បានចោទប្រកាន់អុីរ៉ង់ថាបាញ់ប្រហារទៅលើនាវាដឹកប្រេង នៅតំបន់សមុទ្រពែក្ស៕ដោយ៖ធី រីណា