ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំចិន អំពាវនាវឲ្យ​បញ្ចប់​ការ​ខ្ជះខ្ជាយ​អាហារ ហើយ​បង្កើន​ការ​សន្សំសំចៃ ខណៈកំពុង​រង​ផលប៉ះពាល់ COVID-19

ចែករំលែក៖

អន្តរជាតិ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានលើកឡើងថា ខណៈប្រទេសចិនកំពុងរងផលប៉ះពាល់ដោយសារជំងឺ COVID-19នោះលោកបានអំពាវនាវឲ្យបញ្ចប់ការខ្ជះខ្ជាយអាហារ ហើយបង្កើនការសន្សំសំចៃ ហើយលោក ក៏ណែនាំឲ្យមានការដាក់បញ្ចូលលក្ខខណ្ឌសន្សំសំចៃអាហារចូលទៅក្នុងសេចក្តីណែនាំរបស់លោក

បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua នៅថ្ងៃទី១១ ខែសីហាកន្លងទៅដែលបានដកស្រង់សម្ដីរបស់ លោក ស៊ី ជិនភីង បានបញ្ជាក់ថា ការខ្ជះខ្ជាយអាហារគឺជារឿងដ៏រន្ធត់ និងព្រួយបារម្ភ ប្រធានាធិបតីចិនរូបនេះដោយកត់សម្គាល់ថា សុវត្ថិភាពស្បៀង ជារឿងមិនអាចភ្លេចបានឡើយ ជាពិសេសក្នុងពេលមានជំងឺឆ្លង​COVID-19 និងបើទោះបីជាចិនប្រមូលផលបានយ៉ាងច្រើនប៉ុន្មានឆ្នាំជាប់គ្នាក៏ដោយ

លោក ស៊ី ជិនភីង ដែលជាលេខាបក្សកុម្មុនីស្តចិន និងប្រធានគណៈកម្មការយោធាផងដែរនោះ បានសង្កត់ធ្ងន់ទៅលើការពង្រឹងច្បាប់ និងការឃ្លាំមើលដើម្បីចាត់ជាវិធានការក្នុងការបញ្ឈប់ការខ្ជះខ្ជាយអាហារ ត្រង់នេះ លោកបន្ថែមថា «​វាជាការចាំបាច់ ក្នុងការធ្វើឲ្យសាធារណៈមតិដឹងពីបញ្ហានេះបង្កើតទម្លាប់សន្សំសំចៃ និងបង្កើតបរិយាកាសក្នុងសង្គមមួយ ដែលការខ្ជះខ្ជាយជារឿងដែលគួរឲ្យអាម៉ាស់ និងការសន្សំសំចៃជារឿងដែលគួរឲ្យសរសើរ​»

សូមជម្រាបថា ការលើកឡើងរបស់ប្រធានាធិបតីចិន ទៅលើបញ្ហាខ្ជះខ្ជាយនេះមិនមែនជាលើកទីមួយឡើយ ជាច្រើនលើក ច្រើនសារលោកតែងតែភ្ជាប់ពីសារៈសំខាន់នៃសន្តិសុខស្បៀង និងតែងលើកឲ្យមានការសន្សំសំចៃនិងប្រឆាំងនិងការខ្ជះខ្ជាយ

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ លោកបានចេញការណែនាំជាច្រើនឲ្យស្ថាប័នរដ្ឋចាប់អនុវត្តយ៉ាងតឹងរឹងទាក់ទងទៅនឹងការកាត់បន្ថយការខ្ជះខ្ជាយក៏ដូចជាការដាក់ចេញនូវវិធាន និងពិន័យយ៉ាងតឹងរ៉ឹងចំពោះការចំណាយដែលប្រើប្រាស់មូលនិធិសាធារណៈ លោកក៏ធ្លាប់ណែនាំឲ្យកាត់បន្ថយការខ្ជះខ្ជាយក្នុងសាលារៀន និងជំរុញសិស្សឲ្យដឹង និងអនុវត្តការសន្សំសំចៃផងដែរដោយ៖ស តារា


ចែករំលែក៖