អន្តរជាតិ៖ ឥណ្ឌូណេស៊ី យល់ព្រមឲ្យក្រុមហ៊ុនឱសថចិន Sinovac Biotech មានការធ្វើតេស្តវ៉ាក់សាំងលើមនុស្សជាទ្រង់ទ្រាយធំក្នុងទឹកខ្លួន ។មិនតែប៉ុណ្ណោះ ឥណ្ឌូណេស៊ី នឹងក្លាយទៅជាប្រទេសមានអាទិភាពក្នុងការទទួលបានបច្ចេកវិទ្យា និងរូបមន្តផលិតវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនមួយនេះ នៅពេលវ៉ាក់សាំងដែលកំពុងធ្វើតេស្តក្នុងដំណាក់កាលទី៣ ហើយនេះក៏ទទួលបានការយល់ព្រមពីអាជ្ញាធរសុខាភិបាលផងដែរ ។
ជាក់ស្តែងក្រុមហ៊ុនឱសថចិន Sinovac Biotech ត្រូវបានរដ្ឋភិបាលឥណ្ឌូណេស៊ី បានអនុញ្ញាតឲ្យធ្វើតេស្តលើមនុស្សជាទ្រង់ទ្រាយធំក្នុងប្រទេសរបស់ខ្លួន។ ហើយវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនឱសថនេះមានឈ្មោះថា CoronaVac នឹងត្រូវធ្វើតេស្តលើអ្នកស្ម័គ្រចិត្តចំនួន១,៦២០នាក់ក្នុងរយៈពេល៦ខែដើម្បីតាមដានប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំង COVID-19 មួយនេះ។ ក្រៅតែពីឥណ្ឌូណេស៊ី ក្រុមហ៊ុនSinovac ក៏ធ្វើតេស្តវ៉ាក់សាំងនេះនៅប្រទេសប្រេស៊ីល និងបង់ក្លាដែសផងដែរ។
សូមជម្រាបថា Bio Farma ដែលជាក្រុមហ៊ុនឱសថគ្រប់គ្រងរដ្ឋរបស់ឥណ្ឌូណេស៊ី នឹងចាប់ដៃគូជាមួយសាកលវិទ្យាល័យ Padjajaran ក្នុងការធ្វើតេស្តវ៉ាក់សាំងនេះ។ បើសិនជាការធ្វើតេស្តជោគជ័យ ក្រុមហ៊ុន Bio Farma នឹងផលិតវ៉ាក់សាំងនេះតែ។ លោកស្រី Rini Mulia Sari អ្នកនាំពាក្យក្រុមហ៊ុន Bio Farma បានលើកឡើងថា៖« នឹងមានការបញ្ជូនបច្ចេកវិទ្យា។ ដូច្នេះ វ៉ាក់សាំងដែលលក់នៅឥណ្ឌូណេស៊ី គឺជាវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Bio Farma»។
បើតាមទូរទស្សសិង្ហបុរី Channel News Asia អ្នកនាំពាក្យក្រុមហ៊ុន Bio Farma បានបញ្ជាក់ផងដែរថា ការទទួលបានបច្ចេកវិទ្យានោះរួមមានរូបមន្តក្នុងការផលិតវ៉ាក់សាំងផងដែរ។ ចំណែកឯមន្ត្រីរបស់ក្រុមហ៊ុនជឿជាក់ថាវ៉ាក់សាំងអាចនឹងរួចរាល់សម្រាប់ប្រើប្រាស់នៅខែមីនាឆ្នាំ២០២១។
គួរបញ្ជាក់ថា ក្រៅតែពីសហការក្នុងការធ្វើតេស្តវ៉ាក់សាំងជាមួយក្រុមហ៊ុនចិនក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូណេស៊ីមួយនេះ ក៏កំពុងអភិវឌ្ឍវ៉ាក់សាំងCOVID-19 ផ្ទាល់ខ្លួនទៀតផង។ បន្ថែមពីនេះ ក្រុមហ៊ុននេះក៏កំពុងធ្វើការលើវ៉ាក់សាំងដែលមានសក្តានុពលជាមួយប្រទេសកូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីតផងដែរ។ បើគិតត្រឹមថ្ងៃទី១២ សីហា ឆ្នាំ២០២០ ឥណ្ឌូនេស៊ីមានអ្នកឆ្លងជាងចំនួន១សែន៣ម៉ឺនករណី និងស្លាប់ជិត៦ពាន់នាក់៕ដោយ៖ស តារា